17 ស្ត្រីនោះទូលទៅព្រះអង្គវិញថា៖ «ខ្ញុំគ្មានប្តីទេ»។ ព្រះយេស៊ូមានបន្ទូលថា៖ «អ្នកនិយាយថា គ្មានប្តី នោះត្រូវហើយ
18 ដ្បិតអ្នកមានប្តីប្រាំនាក់មកហើយ រីឯបុរសដែលនៅជាមួយអ្នកសព្វថ្ងៃនេះមិនមែនជាប្តីរបស់អ្នកទេ ដូច្នេះពាក្យដែលអ្នកនិយាយនេះ ពិតប្រាកដហើយ»
19 ស្ត្រីនោះទូលទៅព្រះអង្គថា៖ «លោកម្ចាស់អើយ! ខ្ញុំយល់ថា លោកជាអ្នកនាំព្រះបន្ទូល
20 ពួកដូនតារបស់យើងបានថ្វាយបង្គំនៅលើភ្នំនេះ ប៉ុន្ដែពួកជនជាតិរបស់លោកនិយាយថា ត្រូវថ្វាយបង្គំនៅក្រុងយេរូសាឡិមវិញ»។
21 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «នាងអើយ! ចូរជឿខ្ញុំចុះថា នឹងមានពេលមួយមកដល់ ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតានៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទៀតឡើយ
22 ពួកជនជាតិរបស់អ្នកមិនស្គាល់អ្វីដែលពួកអ្នកកំពុងថ្វាយបង្គំទេ ប៉ុន្ដែយើងស្គាល់អ្វីដែលយើងកំពុងថ្វាយបង្គំ ដ្បិតសេចក្ដីសង្គ្រោះកើតពីជនជាតិយូដាមក
23 ប៉ុន្ដែនឹងមានពេលមួយមកដល់ គឺពេលនេះហើយ ដែលពួកអ្នកថ្វាយបង្គំពិតប្រាកដ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ដ្បិតព្រះវរបិតាស្វែងរកពួកអ្នកដែលថ្វាយបង្គំព្រះអង្គបែបនេះ។