27 ពេលនោះ ពួកសិស្សរបស់ព្រះអង្គបានមកដល់ គេងឿងឆ្ងល់ចំពោះព្រះអង្គដែលកំពុងមានបន្ទូលជាមួយស្ត្រីដូច្នេះ ប៉ុន្ដែគ្មានអ្នកណាម្នាក់ទូលទៅព្រះអង្គថា ព្រះអង្គរកអ្វី ឬហេតុអ្វីបានជាព្រះអង្គមានបន្ទូលជាមួយនាងទេ។
28 រីឯស្រ្ដីនោះក៏ទុកក្អមទឹកចោល រួចចូលទៅក្នុងក្រុង ប្រាប់មនុស្សទាំងឡាយថា៖
29 «ចូរមកមើលបុរសម្នាក់ដែលប្រាប់ខ្ញុំ ពីការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត តើគាត់ជាព្រះគ្រិស្ដទេដឹង?»
30 ពួកគេក៏ចេញពីក្រុងទៅរកព្រះអង្គ។
31 នៅពេលជាមួយគ្នានោះ ពួកសិស្សទូលទៅព្រះអង្គថា៖ «លោកគ្រូ សូមអញ្ជើញបរិភោគអាហារ»
32 ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំមានអាហារសម្រាប់បរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាមិនស្គាល់»។
33 ដូច្នេះ ពួកសិស្សក៏និយាយគ្នាថា៖ «មានអ្នកណាយកអ្វីមកជូនលោកបរិភោគទេដឹង?»