18 ហេតុនេះហើយ ពួកជនជាតិយូដាចង់សម្លាប់ព្រះអង្គកាន់តែខ្លាំងឡើង ព្រោះព្រះអង្គមិនគ្រាន់តែល្មើសវិន័យថ្ងៃសប្ប័ទប៉ុណ្ណោះទេ ថែមទាំងហៅព្រះជាម្ចាស់ថាជាព្រះវរបិតារបស់ព្រះអង្គទៀត គឺព្រះអង្គលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។
19 ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា ព្រះរាជបុត្រាមិនអាចធ្វើការអ្វីមួយដោយខ្លួនឯងបានទេ លុះត្រាតែព្រះអង្គឃើញព្រះវរបិតាធ្វើការនោះ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើការដូច្នោះដែរ
20 ព្រោះព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា ហើយបានបង្ហាញព្រះរាជបុត្រាពីកិច្ចការទាំងអស់ដែលព្រះអង្គធ្វើ រួចព្រះអង្គនឹងបង្ហាញព្រះរាជបុត្រាពីកិច្ចការដែលធំជាងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាស្ងើចសរសើរ
21 ដ្បិតព្រះវរបិតាប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយប្រទានជីវិតដល់គេជាយ៉ាងណា នោះព្រះរាជបុត្រាក៏ប្រទានជីវិតដល់អស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យជាយ៉ាងនោះដែរ
22 ហើយព្រះវរបិតាមិនជំនុំជម្រះអ្នកណាទេ ប៉ុន្ដែព្រះអង្គប្រគល់ឲ្យព្រះរាជបុត្រាជំនុំជម្រះទាំងអស់
23 ដើម្បីឲ្យមនុស្សគ្រប់គ្នាគោរពព្រះរាជបុត្រា ដូចជាគោរពព្រះវរបិតាដែរ។ អ្នកណាដែលមិនគោរពព្រះរាជបុត្រា នោះក៏មិនគោរពព្រះវរបិតាដែលចាត់ព្រះរាជបុត្រាឲ្យមកដែរ។
24 ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាស្តាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច មិនជាប់សេចក្ដីជំនុំជម្រះទេ គឺត្រូវបានចម្លងឲ្យផុតពីសេចក្តីស្លាប់ទៅឯជីវិតវិញ។