38 ព្រោះខ្ញុំចុះពីស្ថានសួគ៌មក មិនមែនធ្វើតាមបំណងរបស់ខ្លួនឯងទេ គឺធ្វើតាមបំណងរបស់ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក
39 ហើយនេះជាបំណងរបស់ព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមក គឺមិនឲ្យខ្ញុំបាត់បង់នរណាម្នាក់ក្នុងចំណោមអស់អ្នកដែលព្រះអង្គបានប្រទានឲ្យខ្ញុំទេ ប៉ុន្ដែខ្ញុំនឹងប្រោសពួកគេឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ
40 ដ្បិតនេះហើយជាបំណងរបស់ព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រាហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច រីឯខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ»។
41 ពួកជនជាតិយូដាក៏រអ៊ូរទាំដាក់គ្នាអំពីព្រះយេស៊ូ ព្រោះព្រះអង្គមានបន្ទូលថា ខ្ញុំជានំប៉័ងដែលចុះពីស្ថានសួគ៌។
42 ពួកគេនិយាយថា៖ «តើអ្នកនេះមិនមែនជាយេស៊ូ កូនប្រុសរបស់លោកយ៉ូសែប ដែលយើងបានស្គាល់ទាំងឪពុកទាំងម្តាយទេឬ? ហេតុដូចម្ដេចក៏គាត់និយាយថា ខ្ញុំចុះមកពីស្ថានសួគ៌ដូច្នេះ?»
43 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ឈប់រអ៊ូរទាំដាក់គ្នាទៀតទៅ!
44 គ្មានអ្នកណាអាចមកឯខ្ញុំបានទេ លុះត្រាតែព្រះវរបិតាដែលចាត់ខ្ញុំឲ្យមក នាំពួកគេមកប៉ុណ្ណោះ ហើយខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ។