17 បើអ្នកណាចង់ធ្វើតាមបំណងរបស់ព្រះអង្គ អ្នកនោះមុខជាដឹងអំពីសេចក្ដីបង្រៀននេះ ថាតើជាសេចក្ដីបង្រៀនមកពីព្រះជាម្ចាស់ ឬខ្ញុំនិយាយតែពីខ្លួនខ្ញុំ។
18 អ្នកណានិយាយតែពីខ្លួនឯង អ្នកនោះរកកិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែអ្នកណាស្វែងរកសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលចាត់ខ្លួនឲ្យមក អ្នកនោះជាអ្នកពិតត្រង់ ហើយគ្មានសេចក្ដីទុច្ចរិតនៅក្នុងខ្លួនសោះ។
19 តើលោកម៉ូសេមិនបានប្រគល់គម្ពីរវិន័យឲ្យអ្នករាល់គ្នាទេឬ? ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ប្រពឹ្រត្តតាមក្រឹត្យវិន័យនោះឡើយ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំ?»
20 បណ្តាជនក៏ឆ្លើយថា៖ «អ្នកត្រូវអារក្សចូលហើយ! តើអ្នកណារកសម្លាប់អ្នក?»
21 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំបានធ្វើការមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ទៅវិញ
22 លោកម៉ូសេបានឲ្យពិធីកាត់ស្បែកដល់អ្នករាល់គ្នា (ពិធីនោះមិនបានមកពីលោកម៉ូសេទេ គឺបានមកពីដូនតា) ហើយនៅថ្ងៃសប្ប័ទ អ្នករាល់គ្នាក៏កាត់ស្បែកឲ្យមនុស្សដែរ។
23 បើធ្វើពិធីកាត់ស្បែកឲ្យមនុស្សម្នាក់នៅថ្ងៃសប្ប័ទ ដើម្បីកុំឲ្យល្មើសគម្ពីរវិន័យរបស់លោកម៉ូសេ ចុះដូចម្ដេចក៏អ្នករាល់គ្នាខឹងខ្ញុំ ដោយព្រោះតែខ្ញុំបានប្រោសរូបកាយទាំងមូលរបស់មនុស្សម្នាក់ឲ្យជានៅថ្ងៃសប្ប័ទ?