យ៉ូហាន 7:18-24 KCB

18 អ្នកណា​និយាយ​តែ​ពី​ខ្លួន​ឯង​ អ្នក​នោះ​រក​កិត្តិយស​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្នកណា​ស្វែងរក​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែល​ចាត់​ខ្លួន​ឲ្យ​មក​ អ្នក​នោះ​ជា​អ្នក​ពិត​ត្រង់​ ហើយ​គ្មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ខ្លួន​សោះ។​

19 តើ​លោក​ម៉ូសេ​មិន​បាន​ប្រគល់​គម្ពីរ​វិន័យ​ឲ្យ​អ្នក​រាល់គ្នា​ទេ​ឬ?​ ប៉ុន្ដែ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ គ្មាន​អ្នកណា​ម្នាក់​ប្រពឹ្រត្ត​តាម​ក្រឹត្យវិន័យ​នោះ​ឡើយ​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​រក​សម្លាប់​ខ្ញុំ?»​

20 បណ្តាជន​ក៏​ឆ្លើយ​ថា៖​ «អ្នក​ត្រូវ​អារក្ស​ចូល​ហើយ!​ តើ​អ្នកណា​រក​សម្លាប់​អ្នក?»​

21 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​ធ្វើ​ការ​មួយ​ ហើយ​អ្នក​ទាំង​អស់​គ្នា​បែរ​ជា​ងឿង​ឆ្ងល់​ទៅ​វិញ​

22 លោក​ម៉ូសេ​បាន​ឲ្យ​ពិធី​កាត់​ស្បែក​ដល់​អ្នក​រាល់គ្នា​ (ពិធី​នោះ​មិន​បាន​មកពី​លោក​ម៉ូសេ​ទេ​ គឺ​បាន​មកពី​ដូនតា)​ ហើយ​នៅ​ថ្ងៃ​សប្ប័ទ​ អ្នក​រាល់គ្នា​ក៏​កាត់​ស្បែក​ឲ្យ​មនុស្ស​ដែរ។​

23 បើ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​មនុស្ស​ម្នាក់​នៅ​ថ្ងៃ​សប្ប័ទ​ ដើម្បី​កុំ​ឲ្យ​ល្មើស​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ ចុះ​ដូចម្ដេច​ក៏​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ​ ដោយ​ព្រោះតែ​ខ្ញុំ​បាន​ប្រោស​រូបកាយ​ទាំង​មូល​របស់​មនុស្ស​ម្នាក់​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ?​

24 ចូរ​កុំ​វិនិច្ឆ័យ​តាម​បែប​ខាង​ក្រៅ​ឡើយ​ ប៉ុន្ដែចូរ​វិនិច្ឆ័យ​តាម​សេចក្ដី​យុត្ដិធម៌​វិញ»។​