24 ដូច្នេះ ពួកគេក៏ហៅបុរសខ្វាក់ភ្នែកពីមុននោះមកជាលើកទីពីរ ប្រាប់ថា៖ «ចូរថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ដោយនិយាយការពិតចុះ ដ្បិតយើងដឹងថា អ្នកនោះជាមនុស្សបាប»
25 គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងថា តើអ្នកនោះជាមនុស្សបាប ឬយ៉ាងណាទេ ខ្ញុំគ្រាន់តែដឹងថា ពីមុនខ្ញុំខ្វាក់ភ្នែក ប៉ុន្ដែឥឡូវនេះ ខ្ញុំមើលឃើញ»
26 ពួកគេក៏សួរគាត់ទៀតថា៖ «តើអ្នកនោះបានធ្វើអ្វីឲ្យអ្នក? តើគាត់ធ្វើឲ្យភ្នែករបស់អ្នកភ្លឺដោយរបៀបណា?»
27 គាត់ឆ្លើយទៅពួកគេថា៖ «ខ្ញុំបានប្រាប់អស់លោករួចហើយ ប៉ុន្ដែអស់លោកពុំស្តាប់ខ្ញុំទេ ហេតុអ្វីបានជាអស់លោកចង់ស្តាប់ម្តងទៀត តើអស់លោកចង់ធ្វើជាសិស្សរបស់គាត់ដែរឬ?»
28 ពួកគេក៏ប្រមាថគាត់ថា៖ «ឯងទេ ជាសិស្សរបស់អ្នកនោះ រីឯយើងវិញ ជាសិស្សរបស់លោកម៉ូសេ
29 ព្រោះយើងដឹងថា ព្រះជាម្ចាស់បានមានបន្ទូលមកលោកម៉ូសេពិតមែន ប៉ុន្ដែអ្នកនោះវិញ យើងមិនដឹងថាមកពីណាទេ!»
30 បុរសនោះឆ្លើយទៅពួកគេថា៖ «រឿងនេះចម្លែកណាស់ ដែលអស់លោកមិនដឹងថាគាត់មកពីណា ប៉ុន្ដែគាត់បានធ្វើឲ្យភ្នែកខ្ញុំភ្លឺ។