យ៉ូហាន 9:35-41 KCB

35 កាល​ព្រះ​យេស៊ូ​ឮ​ថា ពួកគេ​បណ្តេញ​គាត់​ចេញ នោះ​ពេល​ព្រះអង្គ​ជួប​គាត់ ព្រះអង្គ​ក៏​មានបន្ទូល​សួរ​ថា​៖ «​តើ​អ្នកជឿលើ​កូនមនុស្សដែរឬទេ?»​

36 គាត់​ទូល​ឆ្លើយ​ថា៖​ «លោក​ម្ចាស់​អើយ!​ តើ​កូន​មនុស្ស​ជា​នរណា​ ដែល​អាច​ឲ្យ​ខ្ញុំ​ជឿ​គាត់​បាន?»​

37 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​បាន​ឃើញ​គាត់​ហើយ​ គឺ​អ្នក​ដែល​កំពុង​និយាយ​ជាមួយ​អ្នក​នេះ​ហើយ​ ជា​កូន​មនុស្ស»​

38 គាត់​ក៏​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​ជឿ​ហើយ!»​ រួច​គាត់​ក៏​ថ្វាយបង្គំ​ព្រះអង្គ។​

39 ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​បាន​មក​ក្នុង​ពិភពលោក​នេះ​ដើម្បី​ជំនុំជម្រះ​ គឺ​ដើម្បី​ឲ្យ​ពួកអ្នក​ដែល​មើល​មិន​ឃើញ​បាន​ភ្លឺ​ឡើង​ ហើយ​ឲ្យ​ពួកអ្នក​ដែល​មើល​ឃើញ​ត្រលប់​ជា​ខ្វាក់​វិញ»​

40 កាល​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ ​ដែល​នៅ​ជាមួយ​ព្រះអង្គ​បាន​ឮ​ដូច្នេះ​ ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​យើង​ខ្វាក់​ដែរ​ឬ​ទេ?»​

41 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បើ​អ្នក​រាល់គ្នា​ជា​មនុស្ស​ខ្វាក់​ អ្នក​រាល់គ្នា​គ្មាន​បាប​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​និយាយ​ថា ​យើង​មើល​ឃើញ​ នោះ​បាប​របស់​អ្នក​រាល់គ្នា​នៅ​តែ​មាន។​