13 ប៉ុន្ដែនៅក្នុងព្រះគ្រិស្ដយេស៊ូ អ្នករាល់គ្នាដែលពីមុននៅឆ្ងាយ ឥឡូវនេះត្រូវបាននាំមកជិតវិញ ដោយសារឈាមរបស់ព្រះគ្រិស្ដ។
14 ដ្បិតព្រះអង្គជាសេចក្ដីសុខសាន្តរបស់យើង ព្រះអង្គបានធ្វើឲ្យទាំងពីររួមមកតែមួយ ហើយបំផ្លាញជញ្ជាំងដែលខណ្ឌផ្ដាច់ និងភាពជាសត្រូវ ដោយរូបកាយរបស់ព្រះអង្គ
15 គឺព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្ដិ និងសេចក្ដីបង្គាប់ទាំងឡាយចោល ដើម្បីឲ្យព្រះអង្គយកទាំងពីរមកបង្កើតជាមនុស្សថ្មីតែមួយនៅក្នុងព្រះអង្គ ទាំងធ្វើឲ្យមានសេចក្ដីសុខសាន្ត
16 ហើយដើម្បីឲ្យព្រះអង្គផ្សះផ្សាទាំងពីរជាមួយព្រះជាម្ចាស់នៅក្នុងរូបកាយតែមួយតាមរយៈឈើឆ្កាង ដោយបានលុបបំបាត់ភាពជាសត្រូវចោល តាមរយៈឈើឆ្កាង។
17 ពេលព្រះអង្គយាងមក ព្រះអង្គបានប្រកាសដំណឹងល្អនៃសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា ជាអ្នកឆ្ងាយ និងដល់អស់អ្នកជាអ្នកជិតដែរ
18 ព្រោះតាមរយៈព្រះអង្គ យើងទាំងពីរមានផ្លូវទៅឯព្រះវរបិតាដោយព្រះវិញ្ញាណតែមួយ។
19 ហេតុនេះអ្នករាល់គ្នាលែងជាអ្នកក្រៅ ឬជាជនបរទេសទៀតហើយ ផ្ទុយទៅវិញ អ្នករាល់គ្នាជាជនរួមជាតិរបស់ពួកបរិសុទ្ធ ព្រមទាំងជាអ្នកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀតផង