6 ហើយនៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រះអង្គបានប្រោសយើងឲ្យរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដ និងបានឲ្យយើងអង្គុយរួមជាមួយព្រះអង្គនៅឯស្ថានសួគ៌
7 ដើម្បីឲ្យព្រះអង្គបង្ហាញជំនាន់ខាងមុខឲ្យឃើញពីព្រះគុណដ៏បរិបូរលើសលប់របស់ព្រះអង្គ ដែលបានប្រទានដល់យើងដោយសេចក្ដីសប្បុរសក្នុងព្រះគ្រិស្ដយេស៊ូ
8 ដ្បិតអ្នករាល់គ្នាទទួលសេចក្ដីសង្គ្រោះដោយសារព្រះគុណតាមរយៈជំនឿ ហើយសេចក្ដីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះជាម្ចាស់
9 ហើយក៏មិនមែនមកពីការប្រព្រឹត្តិដែរ ក្រែងលោមានអ្នកណាម្នាក់អួតខ្លួន
10 ព្រោះយើងជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ដែលត្រូវបានបង្កើតមកនៅក្នុងព្រះគ្រិស្ដយេស៊ូសម្រាប់ការល្អដែលព្រះជាម្ចាស់បានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្ដតាម។
11 ដូច្នេះ ចូរចាំថាពីមុនអ្នករាល់គ្នាជាសាសន៍ដទៃខាងសាច់ឈាម ដែលត្រូវបានពួកអ្នកដែលហៅថាពួកកាត់ស្បែកខាងសាច់ឈាមដោយដៃមនុស្ស ហៅអ្នករាល់គ្នាថាពួកមិនកាត់ស្បែក
12 ពេលនោះ អ្នករាល់គ្នាគ្មានព្រះគ្រិស្ដទេ ហើយមិនត្រូវបានរាប់បញ្ចូលថាជាជនជាតិអ៊ីស្រាអែលឡើយ ក៏ជាអ្នកក្រៅខាងឯកិច្ចព្រមព្រៀងនៃសេចក្ដីសន្យា គ្មានសង្ឃឹម និងគ្មានព្រះជាម្ចាស់នៅក្នុងលោកិយនេះផង