11 ព្រមទាំងស្វែងយល់ឲ្យបានដឹងអំពីពេលវេលា ឬកាលៈទេសៈបែបណាដែលនឹងកើតឡើងសម្រាប់សេចក្ដីបន្ទាល់ដែលព្រះវិញ្ញាណរបស់ព្រះគ្រិស្ដគង់នៅក្នុងពួកគេប្រាប់ជាមុនយ៉ាងច្បាស់អំពីការរងទុក្ខរបស់ព្រះគ្រិស្ដ និងសិរីរុងរឿងដែលត្រូវមកតាមក្រោយ។
12 ពួកគេបានទទួលការបើកសំដែងអំពីសេចក្ដីទាំងនោះ មិនមែនសម្រាប់ពួកគេទេ គឺសម្រាប់បម្រើអ្នករាល់គ្នាវិញ ជាសេចក្ដីដែលពួកអ្នកប្រកាសដំណឹងល្អបានប្រកាសប្រាប់អ្នករាល់គ្នានៅពេលឥឡូវនេះដោយសារព្រះវិញ្ញាណបរិសុទ្ធដែលបានចាត់មកពីស្ថានសួគ៌ ហើយពួកទេវតាក៏ប្រាថ្នាចង់ឃើញសេចក្ដីទាំងនោះដែរ។
13 ដូច្នេះ ចូរឲ្យអ្នករាល់គ្នាប្រុងប្រៀបចិត្ដគំនិតជាស្រេច កុំភ្លេចខ្លួនឲ្យសោះ ចូរមានសង្ឃឹមទាំងស្រុងលើព្រះគុណដែលនឹងប្រទានមកអ្នករាល់គ្នា នៅពេលព្រះយេស៊ូគ្រិស្ដលេចមក
14 ចូរធ្វើដូចជាកូនដែលស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមសេចក្ដីប៉ងប្រាថ្នាដែលអ្នករាល់គ្នាធ្លាប់មានកាលដែលនៅល្ងង់ខ្លៅនោះឡើយ
15 ប៉ុន្ដែចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធខាងឯការប្រព្រឹត្ដិទាំងអស់ ដូចព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ព្រះអង្គបរិសុទ្ធ។
16 ដ្បិតមានសេចក្ដីចែងទុកថា៖ «ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ព្រោះយើងបរិសុទ្ធ»។
17 បើអ្នករាល់គ្នាហៅព្រះអង្គដែលជំនុំជម្រះម្នាក់ៗទៅតាមការប្រព្រឹត្ដិឥតយល់មុខអ្នកណាឡើយថាព្រះវរបិតា នោះចូររស់នៅដោយកោតខ្លាចព្រះអង្គក្នុងកាលដែលអ្នករាល់គ្នាស្នាក់នៅក្នុងជីវិតនេះចុះ