15 ផ្ទុយទៅវិញ ចូរទុកព្រះគ្រិស្ដជាព្រះអម្ចាស់នៅក្នុងចិត្ដរបស់អ្នករាល់គ្នាចុះ ហើយចូរប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយការពារទៅកាន់អស់អ្នកដែលសុំអ្នកឲ្យរាយរាប់ប្រាប់ពីសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា
16 ប៉ុន្ដែចូរឆ្លើយប្រាប់គេដោយទន់ភ្លន់ និងដោយគោរពកោតខ្លាច ហើយត្រូវមានមនសិការល្អ ដើម្បីឲ្យពួកអ្នកដែលនិយាយមួលបង្កាច់អ្នករាល់គ្នាត្រង់ចំណុចណាមួយនោះត្រូវអាម៉ាស់មុខ គឺពួកអ្នកដែលនិយាយបង្ខូចអំពីអាកប្បកិរិយាល្អរបស់អ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដ
17 ដ្បិតបើជាបំណងរបស់ព្រះជាម្ចាស់មែន នោះស៊ូរងទុក្ខដោយព្រោះប្រព្រឹត្ដល្អ ប្រសើរជាងប្រព្រឹត្ដអាក្រក់។
18 ដ្បិតព្រះគ្រិស្ដក៏បានរងទុក្ខម្ដងដោយព្រោះបាបដែរ គឺព្រះអង្គសុចរិតបានសោយទិវង្គតជំនួសមនុស្សទុច្ចរិត ដើម្បីឲ្យព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះជាម្ចាស់ ព្រះអង្គត្រូវគេសម្លាប់ខាងឯសាច់ឈាម ប៉ុន្ដែត្រូវបានប្រោសឲ្យរស់ឡើងវិញខាងឯព្រះវិញ្ញាណ
19 ដោយសារព្រះវិញ្ញាណនោះ ព្រះអង្គបានយាងទៅប្រកាសព្រះបន្ទូលប្រាប់វិញ្ញាណទាំងឡាយដែលជាប់ឃុំឃាំង
20 គឺជាពួកអ្នកមិនស្ដាប់បង្គាប់កាលពីដើម នៅពេលដែលព្រះជាម្ចាស់បានរង់ចាំដោយអត់ធ្មត់នៅជំនាន់លោកណូអេ ពេលដែលទូកធំកំពុងសាងសង់ ហើយនៅក្នុងទូកធំមានមនុស្សបន្ដិចបន្ដួចប៉ុណ្ណោះ គឺមានមនុស្សប្រាំបីនាក់ ដែលបានរួចជីវិតដោយសារទឹក។
21 នេះជាគំរូអំពីពិធីជ្រមុជដែលបានសង្គ្រោះអ្នករាល់គ្នាឥឡូវនេះដែរ ដោយសារការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្ដ មិនមែនជាការលាងសំអាតភាពស្មោកគ្រោករបស់រូបកាយទេ ផ្ទុយទៅវិញជាការឆ្លើយតបចេញពីមនសិការល្អចំពោះព្រះជាម្ចាស់