នាង​រស់ 2:5-11 KHSV

5 បន្ទាប់​មក លោក​បូអូស​សួរ​អ្នក​បម្រើ​របស់​លោក ដែល​ទទួល​ខុស​ត្រូវ​លើ​ពួក​អ្នក​ច្រូត​ថា៖ «តើ​នាង​នេះ​ជា​នរណា?»។

6 បុរស​នោះ​ឆ្លើយ​ថា៖ «នាង​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​មក​ជា​មួយ​នាង​ណាអូមី នៅ​ពេល​គាត់​វិល​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ។

7 នាង​បាន​សុំ​ដើរ​តាម​ពី​ក្រោយ​ពួក​អ្នក​ច្រូត ដើម្បី​រើស​សន្សំ​ស្រូវ​ដែល​ជ្រុះ​នៅ​លើ​ដី។ នាង​មក​រើស​តាំង​ពី​ព្រលឹម​រហូត​មក​ទល់​ពេល​នេះ ហើយ​នាង​បាន​ទៅ​សម្រាក​នៅ​ផ្ទះ​តែ​មួយ​ស្របក់​ប៉ុណ្ណោះ»។

8 ពេល​នោះ លោក​បូអូស​និយាយ​ទៅ​កាន់​នាង​រស់​ថា៖ «នាង​អើយ សូម​ស្ដាប់​ខ្ញុំ! កុំ​ទៅ​រើស​ស្រូវ​ក្នុង​ស្រែ​ណា​ផ្សេង​អី ហើយ​ក៏​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ស្រែ​នេះ​ដែរ។ ចូរ​នៅ​ជា​មួយ​ស្រី​បម្រើ​របស់​ខ្ញុំ​ទាំង​នេះ​ចុះ!

9 ចូរ​ឃ្លាំ​មើល បើ​ឃើញ​គេ​ទៅ​កន្លែង​ណា ចូរ​ដើរ​តាម​គេ​ទៅ។ ខ្ញុំ​បាន​ហាម​អ្នក​បម្រើ​ប្រុសៗ​មិន​ឲ្យ​ប៉ះ‌ពាល់​នាង​ឡើយ។ បើ​នាង​ស្រេក ចូរ​ទៅ​ពិសា​ទឹក​ក្នុង​ក្អម ដែល​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​ដង​ទុក​នោះ​ទៅ!»។

10 ពេល​នោះ នាង​រស់​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «ហេតុ​អ្វី​ក៏​លោក​ប្រណី​មេត្តា​ដល់​នាង​ខ្ញុំ ដែល​ជា​ជន​បរទេស​ដូច្នេះ?»។

11 លោក​បូអូស​ឆ្លើយ​ថា៖ «គេ​ប្រាប់​ខ្ញុំ​យ៉ាង​ច្បាស់​អំពី​ការ​ទាំង​ប៉ុន្មាន ដែល​នាង​បាន​ប្រព្រឹត្ត​ចំពោះ​ម្ដាយ​ក្មេក ក្រោយ​ពេល​ប្ដី​នាង​ស្លាប់​ចោល​ទៅ គឺ​នាង​សុខ​ចិត្ត​លះ‌បង់​ឪពុក​ម្ដាយ និង​ស្រុក​កំណើត មក​រស់​នៅ​ជា​មួយ​ជន‌ជាតិ​ដែល​នាង​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក។