6 បុរសនោះឆ្លើយថា៖ «នាងជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកជាមួយនាងណាអូមី នៅពេលគាត់វិលត្រឡប់មកពីស្រុកម៉ូអាប់វិញ។
7 នាងបានសុំដើរតាមពីក្រោយពួកអ្នកច្រូត ដើម្បីរើសសន្សំស្រូវដែលជ្រុះនៅលើដី។ នាងមករើសតាំងពីព្រលឹមរហូតមកទល់ពេលនេះ ហើយនាងបានទៅសម្រាកនៅផ្ទះតែមួយស្របក់ប៉ុណ្ណោះ»។
8 ពេលនោះ លោកបូអូសនិយាយទៅកាន់នាងរស់ថា៖ «នាងអើយ សូមស្ដាប់ខ្ញុំ! កុំទៅរើសស្រូវក្នុងស្រែណាផ្សេងអី ហើយក៏កុំទៅណាឆ្ងាយពីស្រែនេះដែរ។ ចូរនៅជាមួយស្រីបម្រើរបស់ខ្ញុំទាំងនេះចុះ!
9 ចូរឃ្លាំមើល បើឃើញគេទៅកន្លែងណា ចូរដើរតាមគេទៅ។ ខ្ញុំបានហាមអ្នកបម្រើប្រុសៗមិនឲ្យប៉ះពាល់នាងឡើយ។ បើនាងស្រេក ចូរទៅពិសាទឹកក្នុងក្អម ដែលពួកអ្នកបម្រើរបស់ខ្ញុំដងទុកនោះទៅ!»។
10 ពេលនោះ នាងរស់ក៏ក្រាបចុះអោនមុខដល់ដី ហើយពោលទៅកាន់លោកបូអូសថា៖ «ហេតុអ្វីក៏លោកប្រណីមេត្តាដល់នាងខ្ញុំ ដែលជាជនបរទេសដូច្នេះ?»។
11 លោកបូអូសឆ្លើយថា៖ «គេប្រាប់ខ្ញុំយ៉ាងច្បាស់អំពីការទាំងប៉ុន្មាន ដែលនាងបានប្រព្រឹត្តចំពោះម្ដាយក្មេក ក្រោយពេលប្ដីនាងស្លាប់ចោលទៅ គឺនាងសុខចិត្តលះបង់ឪពុកម្ដាយ និងស្រុកកំណើត មករស់នៅជាមួយជនជាតិដែលនាងមិនធ្លាប់ស្គាល់ពីមុនមក។
12 សូមព្រះអម្ចាស់តបស្នងមកនាងវិញ ស្របតាមការដែលនាងបានប្រព្រឹត្ត សូមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ប្រទានរង្វាន់មកនាងយ៉ាងបរិបូណ៌ ព្រោះនាងបានមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ»។