នាង​រស់ 4:1-6 KHSV

1 លោក​បូអូស​ចេញ​ទៅ​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​នោះ បុរស​ដែល​ជាប់​សាច់‌ញាតិ​ជិត​បំផុត​របស់​លោក​អេលី‌ម៉ាឡេក គឺ​បុរស​ដែល​លោក​បូអូស​ប្រាប់​នាង​រស់​កាល​ពី​មុន បាន​ដើរ​កាត់​កន្លែង​នោះ។ លោក​បូអូស​ពោល​ទៅ​កាន់​បុរស​នោះ​ថា៖ «សូម​បង​អញ្ជើញ​មក​អង្គុយ​ទី​នេះ​សិន»។ បុរស​នោះ​ក៏​អង្គុយ​ចុះ។

2 លោក​បូអូស​បាន​អញ្ជើញ​ចាស់​ទុំ​ដប់​នាក់​ពី​ក្នុង​ភូមិ​មក ហើយ​សុំ​ឲ្យ​គេ​អង្គុយ​ជា​មួយ​ដែរ។

3 លោក​មាន​ប្រសាសន៍​ទៅ​កាន់​សាច់‌ញាតិ​នោះ​ដូច​ត​ទៅ៖ «បង​ជ្រាប​ស្រាប់​ហើយ​ថា បង​ស្រី​ណាអូមី​បាន​វិល​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ ហើយ​គាត់​ចង់​លក់​ដី​ស្រែ ដែល​ជា​កម្មសិទ្ធិ​របស់​បង​អេលី‌ម៉ាឡេក។

4 ខ្ញុំ​បាន​គិត​ថា​គួរ​តែ​ជម្រាប​បង ហើយ​សូម​ឲ្យ​បង​ទិញ​ដី​ស្រែ​នោះ ដោយ​មាន​ចាស់​ទុំ និង​បង‌ប្អូន​ឯ​ទៀតៗ ដែល​នៅ​ទី​នេះ​ជួយ​ដឹង​ឮ​ផង។ ប្រសិន​បើ​បង​ចង់​ទិញ សូម​ទិញ​ចុះ! តែ​បើ​បង​មិន​ទិញ​ទេ សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង ដ្បិត​នៅ​ទី​នេះ មាន​តែ​បង​ទេ​ដែល​មាន​សិទ្ធិ​ទិញ ហើយ​បន្ទាប់​ពី​បង គឺ​រូប​ខ្ញុំ»។ បុរស​នោះ​ពោល​ថា៖ «ខ្ញុំ​ចង់​ទិញ!»។

5 លោក​បូអូស​ក៏​មាន​ប្រសាសន៍​ថា៖ «បើ​បង​ទិញ​ដី​ស្រែ​របស់​បង​ស្រី​ណាអូមី បង​ក៏​ត្រូវ​យក​នាង​រស់ ជា​សាសន៍​ម៉ូអាប់ ធ្វើ​ជា​ភរិយា​ដែរ ដើម្បី​ឲ្យ​ដី​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​បង‌ប្អូន​យើង​ដែល​ស្លាប់​ទៅ​ហើយ​នោះ​ដដែល»។

6 បុរស​នោះ​ឆ្លើយ​វិញ​ថា៖ «បើ​ដូច្នេះ ខ្ញុំ​មិន​អាច​ទិញ​បាន​ទេ ព្រោះ​ខ្ញុំ​មិន​ចង់​ខាត​ប្រយោជន៍ និង​បាត់​កេរ‌អាករ​ផ្ទាល់​របស់​ខ្ញុំ​ឡើយ សូម​លោក​ប្អូន​ទិញ​យក​ចុះ! ខ្ញុំ​ពុំ​អាច​ទិញ​បាន​ទេ!»។