4 ខ្ញុំបានគិតថាគួរតែជម្រាបបង ហើយសូមឲ្យបងទិញដីស្រែនោះ ដោយមានចាស់ទុំ និងបងប្អូនឯទៀតៗ ដែលនៅទីនេះជួយដឹងឮផង។ ប្រសិនបើបងចង់ទិញ សូមទិញចុះ! តែបើបងមិនទិញទេ សូមប្រាប់ឲ្យខ្ញុំដឹងផង ដ្បិតនៅទីនេះ មានតែបងទេដែលមានសិទ្ធិទិញ ហើយបន្ទាប់ពីបង គឺរូបខ្ញុំ»។ បុរសនោះពោលថា៖ «ខ្ញុំចង់ទិញ!»។
5 លោកបូអូសក៏មានប្រសាសន៍ថា៖ «បើបងទិញដីស្រែរបស់បងស្រីណាអូមី បងក៏ត្រូវយកនាងរស់ ជាសាសន៍ម៉ូអាប់ ធ្វើជាភរិយាដែរ ដើម្បីឲ្យដីនៅតែជាកម្មសិទ្ធិរបស់បងប្អូនយើងដែលស្លាប់ទៅហើយនោះដដែល»។
6 បុរសនោះឆ្លើយវិញថា៖ «បើដូច្នេះ ខ្ញុំមិនអាចទិញបានទេ ព្រោះខ្ញុំមិនចង់ខាតប្រយោជន៍ និងបាត់កេរអាករផ្ទាល់របស់ខ្ញុំឡើយ សូមលោកប្អូនទិញយកចុះ! ខ្ញុំពុំអាចទិញបានទេ!»។
7 កាលពីដើមនៅស្រុកអ៊ីស្រាអែល ពេលអ្នកស្រុកទិញទ្រព្យសម្បត្តិ ឬផ្ទេរកម្មសិទ្ធិអ្វីមួយ ពួកគេមានទម្លាប់ដោះស្បែកជើង ហុចទៅឲ្យម្នាក់ទៀត ទុកជាសញ្ញាបញ្ជាក់ថា គេបានព្រមព្រៀងគ្នាហើយ។
8 ហេតុនេះហើយបានជានៅពេលបុរសនោះពោលទៅកាន់លោកបូអូសថា៖ «សូមលោកប្អូនទិញយកចុះ!» គាត់ក៏បានដោះស្បែកជើងជូនលោកបូអូសដែរ។
9 លោកបូអូសមានប្រសាសន៍ទៅពួកចាស់ទុំ និងប្រជាជនទាំងមូលថា៖ «ថ្ងៃនេះ សូមអស់លោកជួយធ្វើជាសាក្សីឲ្យខ្ញុំផង ខ្ញុំបានទិញអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក ព្រមទាំងអ្វីៗដែលជាកម្មសិទ្ធិរបស់គីលីយ៉ូន និងម៉ាឡូន ពីបងស្រីណាអូមីហើយ។
10 ខ្ញុំក៏សូមយកនាងរស់ ជាសាសន៍ម៉ូអាប់ ដែលត្រូវជាភរិយារបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំផងដែរ ដើម្បីឲ្យកេរមត៌ករបស់គាត់នៅតែជាកម្មសិទ្ធិរបស់គាត់ដដែល ហើយខ្ញុំនឹងបន្តពូជពង្សឲ្យគាត់ ដើម្បីរក្សាឈ្មោះគាត់ឲ្យនៅគង់វង្ស ក្នុងចំណោមអ្នកស្រុកអ្នកភូមិ និងនៅទ្វារក្រុងនេះតទៅទៀត។ ថ្ងៃនេះ អស់លោកជាសាក្សីដឹងឮស្រាប់ហើយ»។