2 លោកទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ឥឡូវនេះ ហេតុការណ៍កើតមាន ដូចទូលបង្គំបានសង្ស័យ តាំងពីទូលបង្គំនៅស្រុករបស់ទូលបង្គំម៉្លេះ។ ហេតុនេះហើយបានជាទូលបង្គំរត់គេចទៅស្រុកតើស៊ីស ព្រោះទូលបង្គំដឹងច្បាស់ថា ព្រះអង្គជាព្រះប្រកបទៅដោយព្រះហឫទ័យប្រណីសន្ដោស ព្រះអង្គតែងតែអាណិតអាសូរ មិនឆាប់ខ្ញាល់ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ហើយតែងតែប្រែព្រះហឫទ័យ មិនព្រមធ្វើទោសគេទេ។
3 បពិត្រព្រះអម្ចាស់! ឥឡូវនេះ សូមព្រះអង្គដកជីវិតទូលបង្គំទៅ ដ្បិតទូលបង្គំចង់ស្លាប់ជាងរស់នៅតទៅមុខទៀត!»។
4 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកយ៉ូណាសវិញថា៖ «តើអ្នកខឹងដូច្នេះសមឬមិនសម?»។
5 ខណៈនោះ លោកយ៉ូណាសចេញទៅអង្គុយនៅខាងកើតទីក្រុង។ លោកសង់ខ្ទមមួយតូច ហើយអង្គុយក្រោមម្លប់ រង់ចាំមើលព្រឹត្តិការណ៍ដែលនឹងកើតមានដល់ក្រុងនីនីវេ។
6 ពេលនោះ ព្រះជាអម្ចាស់ធ្វើឲ្យមានរុក្ខជាតិមួយដើម ដុះឡើងពីលើលោកយ៉ូណាស ធ្វើជាម្លប់ដល់លោក ដើម្បីកុំឲ្យលោកមួម៉ៅតទៅទៀត។ លោកយ៉ូណាសសប្បាយចិត្តនឹងម្លប់រុក្ខជាតិនោះណាស់។
7 នៅថ្ងៃបន្ទាប់ មុនពេលថ្ងៃរះ ព្រះជាម្ចាស់បញ្ជាឲ្យដង្កូវមួយមកស៊ីរុក្ខជាតិនោះ រុក្ខជាតិក៏ក្រៀមស្រពោនអស់ទៅ។
8 លុះដល់ថ្ងៃរះ ព្រះជាម្ចាស់បញ្ជាខ្យល់ឲ្យបក់មកយ៉ាងខ្លាំង ពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកម្ដៅចាំងមកលើក្បាលលោកយ៉ូណាស ធ្វើឲ្យលោកល្វើយកម្លាំង លោកទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ទូលបង្គំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត»។