យ៉ូស្វេ 10:1-5 KHSV

1 ព្រះ‌បាទ​អដូនី-‌សេដេក ជា​ស្ដេច​ក្រុង​យេរូ‌សាឡឹម ទទួល​ដំណឹង​ថា លោក​យ៉ូស្វេ​ដណ្ដើម​យក​បាន​ក្រុង​អៃ និង​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ហើយ​លោក​ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​អៃ និង​ស្ដេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​យេរីខូ និង​ស្ដេច​របស់​គេ​ដែរ។ ស្ដេច​ក៏​ទទួល​ដំណឹង​ថា អ្នក​ស្រុក​គីបៀន​បាន​សុំ​សន្តិ‌ភាព​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ផង។

2 ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ក្រុង​យេរូ‌សាឡឹម​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​ក្រុង​គីបៀន​ជា​ក្រុង​មួយ​ដ៏​ធំ ប្រៀប​បាន​នឹង​មហា​រាជ‌ធានី​មួយ ពោល​គឺ​ធំ​ជាង​ក្រុង​អៃ ហើយ​ទាហាន​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ខ្លាំង​ពូកែ​ទៀត​ផង។

3 ព្រះ‌បាទ​អដូនី-‌សេដេក ជា​ស្ដេច​ក្រុង​យេរូ‌សាឡឹម​ផ្ញើ​រាជ‌សារ​ទៅ​ព្រះ‌បាទ​ហូ‌ហាំ ជា​ស្ដេច​ក្រុង​ហេប្រូន ព្រះ‌បាទ​ពារ៉ាម ជា​ស្ដេច​ក្រុង​យ៉ារ‌មូត ព្រះ‌បាទ​យ៉ាភា ជា​ស្ដេច​ក្រុង​ឡាគីស និង​ព្រះ‌បាទ​ដេបៀរ ជា​ស្ដេច​ក្រុង​អេក្លូន​ថា៖

4 «សូម​ស្ដេច​យាង​មក ហើយ​ជួយ​ទូលបង្គំ​វាយ​ក្រុង​គីបៀន​ផង ព្រោះ​ពួក​គេ​សុំ​សន្តិ‌ភាព​ពី​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល»។

5 ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ គឺ​ស្ដេច​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក្រុង​ហេប្រូន ស្ដេច​ក្រុង​យ៉ារ‌មូត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេក្លូន បាន​ពួត‌ដៃ​គ្នា​លើក​ទ័ព​ទាំង​អស់​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​គីបៀន ហើយ​វាយ​ក្រុង​នោះ។