យ៉ូស្វេ 10:15-21 KHSV

15 បន្ទាប់​មក លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​នៅ​គីល‌កាល់​វិញ។

16 ស្ដេច​ជន‌ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ​បាន​រត់​ទៅ​ពួន​ក្នុង​រូង​ភ្នំ​នៅ​ម៉ាកេ‌ដា។

17 មាន​គេ​ទៅ​រាយ‌ការណ៍​ជូន​លោក​យ៉ូស្វេ​ថា ស្ដេច​ទាំង​ប្រាំ​អង្គ​នោះ​ពួន​ក្នុង​រូង​ភ្នំ​នៅ​ម៉ាកេ‌ដា។

18 លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមៀល​ផ្ទាំង​ថ្ម​ដ៏​ធំ​បិទ​មាត់​រូង ហើយ​ដាក់​ទាហាន​ឲ្យ​ចាំ​យាម​នៅ​ទី​នោះ​ផង។

19 រីឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ដេញ​តាម​ខ្មាំង​សត្រូវ​កុំ​ឈប់​ឲ្យ​សោះ។ ត្រូវ​វាយ​គេ​ពី​ខាង​ក្រោយ កុំ​ទុក​ឲ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​របស់​ខ្លួន​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។

20 លោក​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​វាយ​ប្រហារ​ជន‌ជាតិ​អាម៉ូរី​ឲ្យ​បរា‌ជ័យ​យ៉ាង​ធ្ងន់ ស្ទើរ​តែ​ផុត​ពូជ ប៉ុន្តែ មាន​ពួក​គេ​ខ្លះ​បាន​រត់​រួច ចូល​ទៅ​ក្នុង​ក្រុង​នានា​ដែល​មាន​កំពែង​ការពារ។

21 បន្ទាប់​មក កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​វិល​ត្រឡប់​មក​ជំរំ ដោយ​សុខ‌សាន្ត ពួក​គេ​ជួប​នឹង​លោក​យ៉ូស្វេ​នៅ​ម៉ាកេ‌ដា។ ចាប់​ពី​ពេល​នោះ​មក គ្មាន​នរណា​ម្នាក់​នៅ​ស្រុក​នោះ​ហ៊ាន​រអ៊ូ‌រទាំ​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ឡើយ។