25 លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកគេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង ដ្បិតព្រះអម្ចាស់នឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវទាំងអស់របស់អ្នករាល់គ្នាបែបនេះឯង!»។
26 លោកយ៉ូស្វេប្រហារជីវិតស្ដេចទាំងនោះ ហើយយកទៅព្យួរ-កនៅនឹងដើមឈើប្រាំដើម។ សពស្ដេចទាំងនោះនៅជាប់នឹងដើមឈើរហូតដល់ល្ងាច។
27 ពេលថ្ងៃលិច លោកយ៉ូស្វេបញ្ជាឲ្យគេយកសាកសពចុះពីដើមឈើ ទៅបោះចោលក្នុងរូងភ្នំ ដែលស្ដេចទាំងនោះបានពួន។ គេយកផ្ទាំងថ្មធំមកបិទមាត់រូង ហើយផ្ទាំងថ្មទាំងនោះស្ថិតនៅរហូតមកដល់សព្វថ្ងៃ។
28 នៅថ្ងៃដដែលនោះ លោកយ៉ូស្វេវាយយកក្រុងម៉ាកេដា ហើយប្រហារជីវិតអ្នកក្រុងនោះ ទាំងស្ដេចទាំងប្រជាជន គឺលោកបានបំផ្លាញមនុស្សនៅក្នុងក្រុងនោះអស់ គ្មាននរណាម្នាក់រួចជីវិតឡើយ។ លោកប្រព្រឹត្តចំពោះស្ដេចក្រុងម៉ាកេដា ដូចលោកបានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។
29 លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងម៉ាកេដាឆ្ពោះទៅក្រុងលីបណា ហើយវាយលុកក្រុងនោះ។
30 ព្រះអម្ចាស់ក៏បានប្រគល់ក្រុងលីបណា និងស្ដេចរបស់គេ មកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលដែរ។ កងទ័ពអ៊ីស្រាអែលប្រហារជីវិតអ្នកក្រុងនោះដោយមុខដាវ ឥតទុកនរណាម្នាក់ឲ្យរួចជីវិតទេ។ លោកយ៉ូស្វេប្រព្រឹត្តចំពោះស្ដេចក្រុងលីបណា ដូចលោកបានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។
31 បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងលីបណាឆ្ពោះទៅក្រុងឡាគីស ហើយបោះទ័ពនៅមុខក្រុង ដើម្បីវាយលុកក្រុងនោះ។