1 កាលព្រះបាទយ៉ាប៊ីន ជាស្ដេចក្រុងហាសោរ ជ្រាបហេតុការណ៍ទាំងនោះហើយ ស្ដេចផ្ញើរាជសារទៅព្រះបាទយ៉ូបាប់ ជាស្ដេចក្រុងម៉ាដូន ទៅស្ដេចក្រុងស៊ីមរ៉ូន និងទៅស្ដេចក្រុងអាសាប
2 ព្រមទាំងស្ដេចនានានៅខាងជើងក្នុងតំបន់ភ្នំ តំបន់អារ៉ាបាដែលនៅខាងត្បូងគីណារ៉ូត តំបន់វាលទំនាប និងតំបន់ឌ័រដែលនៅខាងលិច។
3 ស្ដេចក៏បានផ្ញើរាជសារទៅជនជាតិកាណាន នៅខាងកើត និងខាងលិចទន្លេយ័រដាន់ ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិយេប៊ូស នៅតំបន់ភ្នំ និងជនជាតិហេវីនៅតំបន់ជើងភ្នំហ៊ើរម៉ូន ក្នុងស្រុកមីសប៉ា។
4 ស្ដេចទាំងនោះបានលើករេហ៍៍ពលចេញមកផ្ដុំគ្នា ជាកងទ័ពមួយយ៉ាងធំ មានគ្នាច្រើនឥតគណនា ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយក៏មានទ័ពសេះ និងរទេះចំបាំងយ៉ាងច្រើនអនេកដែរ។
5 ស្ដេចទាំងនោះបានព្រមព្រៀងពួតដៃគ្នា ហើយបោះទ័ពនៅត្រង់ជ្រោះមេរ៉ូម ដើម្បីវាយលុកអ៊ីស្រាអែល។
6 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំភ័យខ្លាចអ្វីឡើយ! នៅថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងប្រគល់ពួកគេទាំងអស់ឲ្យមកស្លាប់ ក្នុងកណ្ដាប់ដៃរបស់អ៊ីស្រាអែល។ ចូរកាត់សរសៃជើងសេះ ហើយដុតរទេះចំបាំងរបស់គេចោលទៅ»។