31 ស្របតាមសេចក្ដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់ជនជាតិអ៊ីស្រាអែល គឺដូចមានចែងក្នុងគម្ពីរវិន័យរបស់លោកម៉ូសេថា «អាសនៈត្រូវធ្វើពីថ្ម ដែលមិនទាន់មាននរណាយកដែកមកដាប់ពីលើ»។ ជនជាតិអ៊ីស្រាអែលយកសត្វមកធ្វើជាតង្វាយដុតទាំងមូល ថ្វាយព្រះអម្ចាស់ ព្រមទាំងថ្វាយយញ្ញបូជាមេត្រីភាពផង។
32 លោកយ៉ូស្វេចម្លងក្រឹត្យវិន័យដែលលោកម៉ូសេបានចែងទុក ដោយចារលើថ្ម នៅមុខប្រជាជនអ៊ីស្រាអែល។
33 ប្រជាជនអ៊ីស្រាអែលទាំងមូល ក្រុមព្រឹទ្ធាចារ្យ ពួកនាយក្រុម និងក្រុមអភិបាល ព្រមទាំងជនបរទេសដែលរស់នៅជាមួយពួកគេ នាំគ្នាឈរអមសងខាងហិបនៃសម្ពន្ធមេត្រី គឺនៅទល់មុខនឹងក្រុមបូជាចារ្យលេវី ជាអ្នកសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ ប្រជាជនចំនួនពាក់កណ្ដាលឈរខាងភ្នំកេរីស៊ីម ពាក់កណ្ដាលទៀត ឈរខាងភ្នំអេបាល ស្របតាមសេចក្ដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់មក ក្នុងពេលដែលត្រូវឲ្យពរជនជាតិអ៊ីស្រាអែល។
34 បន្ទាប់មក លោកយ៉ូស្វេអានព្រះបន្ទូលទាំងប៉ុន្មាននៅក្នុងក្រឹត្យវិន័យ គឺមានទាំងព្រះពរ ទាំងបណ្ដាសា ដែលមានចែងទុកក្នុងគម្ពីរវិន័យទាំងមូល។
35 លោកយ៉ូស្វេអានគ្រប់សេចក្ដីទាំងអស់ដែលលោកម៉ូសេបានចែងទុក ឥតខ្វះត្រង់ណាឡើយ លោកអាននៅមុខអង្គប្រជុំនៃជនជាតិអ៊ីស្រាអែលទាំងមូល គឺរួមទាំងស្ត្រី ទាំងក្មេង និងជនបរទេសដែលស្នាក់នៅជាមួយពួកគេផង។