យ៉ូស្វេ 9:14-20 KHSV

14 ជន‌ជាតិ​អ៊ីស្រា‌អែល​ទទួល​យក​ស្បៀង​អាហារ​ពី​ពួក​គេ ដោយ​ពុំ​បាន​ទូល​សួរ​យោបល់​ពី​ព្រះ‌អម្ចាស់​ឡើយ។

15 លោក​យ៉ូស្វេ​ក៏​ចង​សម្ពន្ធ‌មេត្រី​រក្សា​សន្តិ‌ភាព​ជា​មួយ​ពួក​គេ គឺ​សន្យា​ទុក​ជីវិត​ឲ្យ​ពួក​គេ។ ពួក​មេ​ដឹក​នាំ​សហគមន៍​អ៊ីស្រា‌អែល​បាន​សច្ចា​យ៉ាង​ឱឡា‌រិក​ជា​មួយ​ពួក​គេ​ថា នឹង​គោរព​សម្ពន្ធ‌មេត្រី​នេះ។

16 បី​ថ្ងៃ​ក្រោយ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ ទើប​ជន‌ជាតិ​អ៊ីស្រា‌អែល​ដឹង​ថា អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​រស់​នៅ​ជិត​ខាង​ខ្លួន។

17 ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​តាម​ពួក​គេ ហើយ​នៅ​ថ្ងៃ​ទី​បី ក៏​បាន​ទៅ​ដល់​ក្រុង​របស់​គេ។ ក្រុង​ទាំង​នោះ​គឺ​ក្រុង​គីបៀន ក្រុង​កេភី‌រ៉ា ក្រុង​បៀរ៉ុត និង​ក្រុង​គារយ៉ាត-‌យារីម។

18 ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​ប្រហារ​ជីវិត​ពួក​គេ​ទេ ព្រោះ​អ្នក​ដឹក​នាំ​សហគមន៍​សច្ចា​ជា​មួយ​ពួក​គេ ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ជ្រុល‌ហួស​ទៅ​ហើយ ប៉ុន្តែ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអ៊ូ‌រទាំ​រិះ‌គន់​ពួក​អ្នក​ដឹក​នាំ​របស់​ខ្លួន។

19 អ្នក​ដឹក​នាំ​ទាំង​អស់​បាន​ប្រកាស​ប្រាប់​សហគមន៍​ទាំង​មូល​ថា៖ «យើង​បាន​សច្ចា​ជា​មួយ​គេ ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​រួច​ហើយ ឥឡូវ​នេះ យើង​មិន​អាច​ប៉ះ‌ពាល់​ពួក​គេ​បាន​ឡើយ។

20 យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដូច​ត​ទៅ គឺ​យើង​ទុក​ជីវិត​ឲ្យ​គេ។ បើ​មិន​ដូច្នោះ​ទេ នឹង​នាំ​ឲ្យ​ខ្លួន​យើង​មាន​ទោស ព្រោះ​តែ​ពាក្យ​ដែល​យើង​បាន​សច្ចា​ជា​មួយ​ពួក​គេ»។