យ៉ូស្វេ 9:16-22 KHSV

16 បី​ថ្ងៃ​ក្រោយ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ ទើប​ជន‌ជាតិ​អ៊ីស្រា‌អែល​ដឹង​ថា អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​រស់​នៅ​ជិត​ខាង​ខ្លួន។

17 ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​តាម​ពួក​គេ ហើយ​នៅ​ថ្ងៃ​ទី​បី ក៏​បាន​ទៅ​ដល់​ក្រុង​របស់​គេ។ ក្រុង​ទាំង​នោះ​គឺ​ក្រុង​គីបៀន ក្រុង​កេភី‌រ៉ា ក្រុង​បៀរ៉ុត និង​ក្រុង​គារយ៉ាត-‌យារីម។

18 ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​ប្រហារ​ជីវិត​ពួក​គេ​ទេ ព្រោះ​អ្នក​ដឹក​នាំ​សហគមន៍​សច្ចា​ជា​មួយ​ពួក​គេ ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ជ្រុល‌ហួស​ទៅ​ហើយ ប៉ុន្តែ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអ៊ូ‌រទាំ​រិះ‌គន់​ពួក​អ្នក​ដឹក​នាំ​របស់​ខ្លួន។

19 អ្នក​ដឹក​នាំ​ទាំង​អស់​បាន​ប្រកាស​ប្រាប់​សហគមន៍​ទាំង​មូល​ថា៖ «យើង​បាន​សច្ចា​ជា​មួយ​គេ ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​រួច​ហើយ ឥឡូវ​នេះ យើង​មិន​អាច​ប៉ះ‌ពាល់​ពួក​គេ​បាន​ឡើយ។

20 យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដូច​ត​ទៅ គឺ​យើង​ទុក​ជីវិត​ឲ្យ​គេ។ បើ​មិន​ដូច្នោះ​ទេ នឹង​នាំ​ឲ្យ​ខ្លួន​យើង​មាន​ទោស ព្រោះ​តែ​ពាក្យ​ដែល​យើង​បាន​សច្ចា​ជា​មួយ​ពួក​គេ»។

21 អ្នក​ដឹក​នាំ​ប្រជា‌ជន​បាន​ពោល​ទៀត​ថា៖ «ទុក​ជីវិត​ឲ្យ​ពួក​គេ​ចុះ! តែ​ពួក​គេ​ត្រូវ​កាប់​អុស និង​ដង​ទឹក សម្រាប់​សហគមន៍​ទាំង​មូល»។ ប្រជា‌ជន​ក៏​ធ្វើ​តាម​ពាក្យ​របស់​ពួក​មេ​ដឹក​នាំ។

22 លោក​យ៉ូស្វេ​បាន​ហៅ​អ្នក​ស្រុក​គីបៀន​មក ហើយ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ម្ដេច​ក៏​អ្នក​រាល់​គ្នា​បោក​ប្រាស់​យើង ដោយ​ពោល​ថា​អ្នក​រាល់​គ្នា​មក​ពី​ស្រុក​ឆ្ងាយ​ដូច្នេះ? តាម​ពិត អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​តើ!