9 ពួកគេឆ្លើយថា៖ «យើងខ្ញុំប្របាទមកពីស្រុកឆ្ងាយណាស់ ព្រោះតែព្រះនាមដ៏ល្បីនៃព្រះអម្ចាស់ ជាព្រះរបស់លោក គឺយើងខ្ញុំបានឮពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើនៅស្រុកអេស៊ីប
10 និងកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើចំពោះស្ដេចរបស់ជនជាតិអាម៉ូរីទាំងពីរអង្គ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺព្រះបាទស៊ីហុន ជាស្ដេចក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន ដែលគង់នៅក្រុងអាសថារ៉ូត។
11 ពួកចាស់ទុំ និងប្រជាជនទាំងប៉ុន្មាននៅស្រុកយើងខ្ញុំបានប្រាប់យើងខ្ញុំ ឲ្យយកស្បៀងអាហារចេញដំណើរមកជួបអស់លោក ហើយជម្រាបថា: “យើងខ្ញុំសុទ្ធតែជាអ្នកបម្រើរបស់អស់លោក សូមចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំឥឡូវនេះផង!”
12 សូមមើលនំបុ័ងរបស់យើងខ្ញុំចុះ នៅថ្ងៃដែលយើងខ្ញុំចេញដំណើរមកជួបអស់លោក គឺពេលយើងខ្ញុំយកចេញមកពីផ្ទះមកតាមខ្លួន វានៅក្ដៅៗទេ តែឥឡូវនេះវារឹង ហើយដុះផ្សិតអស់។
13 រីឯថង់ស្រាវិញក៏ដូច្នោះដែរ ពេលយើងខ្ញុំចាក់ស្រាបំពេញ វាថ្មីៗទេ តែឥឡូវនេះរហែកអស់។ សម្លៀកបំពាក់ និងស្បែកជើងរបស់យើងខ្ញុំក៏ចាស់សឹកអស់ដែរ ព្រោះយើងខ្ញុំបានធ្វើដំណើរដ៏សែនឆ្ងាយ»។
14 ជនជាតិអ៊ីស្រាអែលទទួលយកស្បៀងអាហារពីពួកគេ ដោយពុំបានទូលសួរយោបល់ពីព្រះអម្ចាស់ឡើយ។
15 លោកយ៉ូស្វេក៏ចងសម្ពន្ធមេត្រីរក្សាសន្តិភាពជាមួយពួកគេ គឺសន្យាទុកជីវិតឲ្យពួកគេ។ ពួកមេដឹកនាំសហគមន៍អ៊ីស្រាអែលបានសច្ចាយ៉ាងឱឡារិកជាមួយពួកគេថា នឹងគោរពសម្ពន្ធមេត្រីនេះ។