7 បន្ទាប់មកទៀត គេចេញប្រកាសពាសពេញក្រុងយេរូសាឡឹម និងស្រុកយូដា បង្គាប់ឲ្យអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលមកវិញនោះ ជួបជុំគ្នានៅក្រុងយេរូសាឡឹម។
8 អ្នកណាមិនព្រមមក ក្នុងរយៈពេលបីថ្ងៃ តាមសេចក្ដីសម្រេចរបស់មេដឹកនាំ និងព្រឹទ្ធាចារ្យ គេនឹងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកនោះ ហើយបណ្ដេញគាត់ចេញពីសហគមន៍អ៊ីស្រាអែល។
9 ក្នុងអំឡុងពេលបីថ្ងៃ ប្រុសៗទាំងអស់ក្នុងកុលសម្ព័ន្ធយូដា និងបេនយ៉ាមីន មកជួបជុំគ្នានៅក្រុងយេរូសាឡឹម។ នៅថ្ងៃទីម្ភៃ ក្នុងខែទីប្រាំបួន ប្រជាជនទាំងមូលអង្គុយនៅត្រង់ទីធ្លា ខាងមុខព្រះដំណាក់របស់ព្រះជាម្ចាស់។ ពួកគេញាប់ញ័រជាខ្លាំង ព្រោះតែព្រឹត្តិការណ៍នេះ និងព្រោះតែមានភ្លៀងផង។
10 លោកបូជាចារ្យអែសរ៉ាក្រោកឈរឡើង ពោលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាបានក្បត់ព្រះជាម្ចាស់ ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ធ្វើឲ្យជនជាតិអ៊ីស្រាអែលរឹតតែមានទោស។
11 ឥឡូវនេះ ចូរលន់តួបាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ។ ចូរញែកខ្លួនចេញពីជាតិសាសន៍ដែលរស់នៅក្នុងស្រុក ព្រមទាំងញែកខ្លួនចេញពីប្រពន្ធរបស់អ្នករាល់គ្នា ដែលជាសាសន៍ដទៃផង»។
12 សហគមន៍ទាំងមូលឆ្លើយតប ដោយបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ពិតមែនហើយ យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោក!
13 ប៉ុន្តែ យើងខ្ញុំមានគ្នាច្រើន ហើយជារដូវភ្លៀងផង ដូច្នេះ យើងខ្ញុំមិនអាចនៅខាងក្រៅបានទេ។ មួយវិញទៀត កិច្ចការនេះពុំអាចសម្រេចក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃឡើយ ដ្បិតមានគ្នាច្រើនក្នុងចំណោមពួកយើងបានប្រព្រឹត្តអំពើបាបនេះ។