4 បន្ទាប់មក ជនជាតិអ៊ីស្រាអែលប្រារព្ធពិធីបុណ្យបារាំ ដូចមានចែងទុកក្នុងគម្ពីរ ហើយពួកគេថ្វាយតង្វាយដុតទាំងមូលជារៀងរាល់ថ្ងៃ តាមចំនួនដូចមានចែងទុកក្នុងគម្ពីរវិន័យ។
5 ចាប់ពីពេលនោះមក ពួកគេនាំគ្នាថ្វាយតង្វាយដុតជាអចិន្ត្រៃយ៍ តង្វាយដុតសម្រាប់បុណ្យចូលខែថ្មី និងបុណ្យដ៏សំខាន់ៗទាំងប៉ុន្មាន ដែលគេប្រារព្ធថ្វាយព្រះអម្ចាស់ ព្រមទាំងតង្វាយស្ម័គ្រចិត្តដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់។
6 ចាប់តាំងពីថ្ងៃទីមួយនៃខែទីប្រាំពីរ ពួកគេចាប់ផ្ដើមថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ ទោះបីគ្រឹះនៃព្រះវិហាររបស់ព្រះអម្ចាស់ ពុំទាន់បានចាក់នៅឡើយក៏ដោយ។
7 ពួកគេជួលជាងដាប់ថ្ម និងជាងឈើ ព្រមទាំងផ្ដល់ស្បៀងអាហារ ភេសជ្ជៈ និងប្រេងអូលីវ ដល់អ្នកក្រុងស៊ីដូន និងក្រុងទីរ៉ុស ដើម្បីឲ្យពួកនោះនាំឈើតាត្រៅតាមសមុទ្រ ពីស្រុកលីបង់ រហូតមកដល់កំពង់ផែយ៉ុបប៉េ យោងតាមការអនុញ្ញាតរបស់ព្រះបាទស៊ីរូស ជាស្ដេចស្រុកពែរ្ស។
8 នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពួកគេវិលត្រឡប់មកដល់ព្រះដំណាក់នៃព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមវិញ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល លោកយេសួរ ជាកូនលោកយ៉ូសាដាក និងបូជាចារ្យឯទៀតៗជាបងប្អូនរបស់លោក ក្រុមលេវី ព្រមទាំងអស់អ្នកដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ក៏នាំគ្នាចាប់ផ្ដើមសង់ព្រះដំណាក់។ ពួកគេចាត់តាំងក្រុមលេវី ដែលមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ មើលខុសត្រូវលើការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់។
9 លោកយេសួរ និងកូន ព្រមទាំងបងប្អូនរបស់លោក គឺមានលោកកាឌមាល និងកូនរបស់លោក ដែលមកពីអំបូរយូដា កូនចៅរបស់លោកហេណាដាដ ព្រមទាំងកូន និងក្រុមលេវីឯទៀតៗដែលជាបងប្អូនរបស់ពួកគេ រួមគ្នាត្រួតពិនិត្យមើលអស់អ្នកដែលសាងសង់ព្រះដំណាក់ព្រះជាម្ចាស់។
10 នៅពេលពួកជាងចាក់គ្រឹះព្រះវិហាររបស់ព្រះអម្ចាស់ គេសុំឲ្យអស់លោកបូជាចារ្យដែលស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យ នាំគ្នាមក ទាំងកាន់ត្រែ ហើយក្រុមលេវីដែលជាកូនចៅរបស់លោកអេសាភ កាន់ឈិង សម្រាប់ប្រគំភ្លេងសរសើរតម្កើងព្រះអម្ចាស់ ដូចព្រះបាទដាវីឌ ជាស្ដេចស្រុកអ៊ីស្រាអែលបានបង្គាប់ទុក។