1 ព្យាការីហាកាយ និងព្យាការីសាការី ជាកូនរបស់លោកអ៊ីដោ បាននាំព្រះបន្ទូលរបស់ព្រះនៃជនជាតិអ៊ីស្រាអែល ទៅថ្លែងប្រាប់ជនជាតិយូដានៅក្រុងយេរូសាឡឹម និងនៅស្រុកយូដា។
2 គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរ ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញ ដោយមានព្យាការីរបស់ព្រះជាម្ចាស់ជួយគាំទ្រផង។
3 គ្រាដដែលនោះ លោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថារ-បូសណាយ ព្រមទាំងសហការី នាំគ្នាមកជួបជនជាតិយូដា ហើយសួរថា៖ «តើនរណាអនុញ្ញាតឲ្យអ្នករាល់គ្នាសង់ដំណាក់នេះ ព្រមទាំងជួសជុលជញ្ជាំងឡើងវិញ។
4 ចូរស្រង់ឈ្មោះអស់អ្នកដែលចូលរួមក្នុងការសង់នេះឲ្យយើងមក!»។
5 ប៉ុន្តែ ព្រះជាម្ចាស់តាមការពារអស់លោកព្រឹទ្ធាចារ្យនៃជនជាតិយូដា។ ក្នុងពេលដែលគេបញ្ជូនសំណុំរឿងថ្វាយព្រះចៅដារីយូស ហើយរង់ចាំចម្លើយវិញនោះ គេមិនបានបញ្ឈប់ការសាងសង់ទេ។
6 សារដែលលោកថាថ្នាយ ជាទេសាភិបាល និងលោកសេថារ-បូសណាយ ព្រមទាំងពួករាជការ ជាសហការីរបស់ពួកគេ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត ផ្ញើថ្វាយព្រះចៅដារីយូស
7 មានសេចក្ដីដូចតទៅ៖ «សូមថ្វាយចំពោះព្រះចៅដារីយូស សូមព្រះករុណាប្រកបដោយសេចក្ដីសុខចម្រើន!
8 សូមព្រះករុណាជ្រាបថា យើងខ្ញុំបានទៅស្រុកយូដា ហើយទៅដល់ព្រះដំណាក់របស់ព្រះដ៏ប្រសើរឧត្ដម។ ពួកគេយកថ្មធំៗមកសង់ព្រះដំណាក់ និងយកឈើមកស៊កក្នុងជញ្ជាំង ធ្វើជាធ្នឹម។ គេធ្វើកិច្ចការនេះយ៉ាងម៉ត់ចត់ ហើយរីកចម្រើនយ៉ាងឆាប់រហ័សទៀតផង។
9 យើងខ្ញុំបានសួរពួកព្រឹទ្ធាចារ្យថា “តើនរណាអនុញ្ញាតឲ្យអ្នករាល់គ្នាសង់ដំណាក់នេះ ព្រមទាំងជួសជុលជញ្ជាំងឡើងវិញ?”។
10 យើងខ្ញុំក៏បានសួរឈ្មោះពួកគេដែរ ដើម្បីស្រង់ឈ្មោះអស់អ្នកដែលដឹកនាំកិច្ចការនោះ យកមកថ្វាយព្រះករុណា។
11 ពួកគេឆ្លើយមកយើងខ្ញុំថា “ពួកយើងជាអ្នកបម្រើរបស់ព្រះនៃស្ថានបរមសុខ* និងផែនដី ពួកយើងសង់ព្រះដំណាក់នេះឡើងវិញ គឺព្រះដំណាក់ដែលស្ដេចមួយអង្គដ៏ប្រសើរឧត្ដមនៃជនជាតិអ៊ីស្រាអែល បានសង់ តាំងពីយូរលង់ណាស់មកហើយ។
12 ប៉ុន្តែ ដូនតារបស់ពួកយើងបានធ្វើឲ្យព្រះនៃស្ថានបរមសុខ ទ្រង់ព្រះពិរោធ ហើយព្រះអង្គក៏ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះចៅនេប៊ូក្នេសា ជាជនជាតិខាល់ដេ និងជាស្ដេចស្រុកបាប៊ីឡូន។ ព្រះចៅនេប៊ូក្នេសាបានបំផ្លាញព្រះដំណាក់នេះ ហើយកៀរប្រជាជនទៅស្រុកបាប៊ីឡូន។
13 ប៉ុន្តែ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចស្រុកបាប៊ីឡូន ស្ដេចបានបញ្ជាឲ្យសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញ។
14 កាលពីមុនព្រះចៅនេប៊ូក្នេសាបានរឹបអូសយកគ្រឿងបរិក្ខារអំពីមាស និងប្រាក់ ពីព្រះវិហាររបស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម ទៅដាក់ក្នុងវិហារនៅក្រុងបាប៊ីឡូន។ ក្រោយមក ព្រះចៅស៊ីរូសយកគ្រឿងបរិក្ខារទាំងនោះចេញពីវិហារនៅក្រុងបាប៊ីឡូន ប្រគល់ឲ្យលោកសេសបាសារ ដែលស្ដេចបានតែងតាំងជាទេសាភិបាលរបស់អាណាខេត្តយូដា។
15 ស្ដេចក៏បានបង្គាប់ឲ្យលោកយកគ្រឿងបរិក្ខារទាំងនេះ ទៅដាក់ក្នុងព្រះវិហារក្រុងយេរូសាឡឹមវិញ ហើយសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែងដើមឡើងវិញ។
16 ដូច្នេះ លោកសេសបាសារបានមកក្រុងយេរូសាឡឹម ព្រមទាំងបានចាក់គ្រឹះព្រះដំណាក់របស់ព្រះជាម្ចាស់។ ចាប់តាំងពីពេលនោះមក គេនៅតែសង់ព្រះដំណាក់ តែមិនទាន់បានចប់សព្វគ្រប់នៅឡើយ”។
17 ឥឡូវនេះ ប្រសិនបើព្រះករុណាគាប់ព្រះហឫទ័យ សូមឲ្យគេស្រាវជ្រាវក្នុងឯកសាររបស់រាជទ្រព្យនៃស្ដេចស្រុកបាប៊ីឡូន ដើម្បីបញ្ជាក់ថា ព្រះចៅស៊ីរូសពិតជាបានចេញបញ្ជាឲ្យសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមមែនឬយ៉ាងណា រួចសូមព្រះករុណាផ្ញើសេចក្ដីសម្រេចអំពីរឿងនេះមកយើងខ្ញុំផង»។