7 ផ្ទុយទៅវិញ គេបានឃើញថា ព្រះជាម្ចាស់ប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អ*ដល់សាសន៍ដទៃមកឲ្យខ្ញុំ ដូចព្រះអង្គបានប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អដល់សាសន៍យូដាឲ្យលោកពេត្រុសដែរ
8 ដ្បិតព្រះជាម្ចាស់ដែលប្រោសប្រទានឲ្យលោកពេត្រុសអាចបំពេញមុខងារជាសាវ័ក*សម្រាប់សាសន៍យូដាយ៉ាងណា ព្រះអង្គក៏ប្រោសប្រទានឲ្យខ្ញុំអាចបំពេញមុខងារជាសាវ័ក សម្រាប់សាសន៍ដទៃយ៉ាងនោះដែរ។
9 កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលពួកបងប្អូនចាត់ទុកដូចជាបង្គោលរបស់ក្រុមជំនុំ បានទទួលស្គាល់ថា ព្រះជាម្ចាស់ប្រណីសន្ដោសដល់ខ្ញុំដូច្នេះ អស់លោកក៏បានចាប់ដៃខ្ញុំ និងចាប់ដៃលោកបារណាបាស ទុកជាសញ្ញាថា យើងរួបរួមគ្នា គឺលោកបារណាបាស និងខ្ញុំទៅផ្សាយដំណឹងល្អដល់សាសន៍ដទៃ រីឯពួកលោកវិញ លោកទៅផ្សាយដំណឹងល្អដល់សាសន៍យូដា។
10 ពួកលោកគ្រាន់តែសុំឲ្យយើងគិតគូរដល់ជនក្រីក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងបំពេញស្រាប់ហើយ។
11 ក៏ប៉ុន្តែ នៅពេលលោកពេត្រុសបានមកដល់ក្រុងអន់ទីយ៉ូក ខ្ញុំក៏បានជំទាស់នឹងលោកនៅមុខគេឯងទាំងអស់គ្នា ព្រោះលោកបានធ្វើខុស។
12 លោកយ៉ាកុបបានចាត់អ្នកខ្លះឲ្យមក ហើយមុនពេលដែលអ្នកទាំងនោះមកដល់ លោកពេត្រុសតែងបរិភោគរួមជាមួយពួកបងប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ លោកបែរជាដកខ្លួនថយចេញដាច់ឡែក ពីបងប្អូនសាសន៍ដទៃ ព្រោះលោកខ្លាចបងប្អូនសាសន៍យូដា។
13 បងប្អូនសាសន៍យូដាឯទៀតៗនាំគ្នាលាក់ពុតដូចលោក គឺសូម្បីតែលោកបារណាបាសផ្ទាល់ក៏ត្រូវគេអូសទាញឲ្យលាក់ពុតដូចគេដែរ។