17 ដ្បិតបំណងលោភលន់របស់និស្ស័យលោកីយ៍ តែងតែទាស់នឹងព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏មានបំណងទាស់នឹងនិស្ស័យលោកីយ៍ដែរ។ និស្ស័យលោកីយ៍ និងព្រះវិញ្ញាណផ្ទុយគ្នាទាំងស្រុង ដូច្នេះ បងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះបានឡើយ។
18 ប្រសិនបើព្រះវិញ្ញាណណែនាំបងប្អូន បងប្អូនលែងនៅក្រោមអំណាចរបស់ក្រឹត្យវិន័យទៀតហើយ។
19 យើងស្គាល់ច្បាស់នូវអំពើផ្សេងៗ ដែលកើតចេញមកពីនិស្ស័យលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង កាមគុណថោកទាប
20 ការថ្វាយបង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ឈ្លោះប្រកែកគ្នា បាក់បែកគ្នា ច្រណែនគ្នា កំហឹងឃោរឃៅ ប្រកួតប្រជែងគ្នា ប្រឆាំងគ្នា ប្រកាន់បក្សពួក
21 ឈ្នានីសគ្នា ប្រមឹកស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀត ដែលស្រដៀងនឹងអំពើទាំងនេះដែរ។ ខ្ញុំសូមជម្រាបឲ្យបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយរួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើទាំងអស់នេះ ពុំអាចទទួលព្រះរាជ្យ*របស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ។
22 រីឯផលដែលកើតមកពីព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្តសន្ដោស មេត្តា ជំនឿ
23 ចិត្តស្លូតបូត ចេះទប់ចិត្តខ្លួនឯង។ គ្មានវិន័យណាជំទាស់នឹងសេចក្ដីទាំងនេះទេ។