កាឡាទី 5:9-15 KHSV

9 «មេ​ម្សៅ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន»។

10 ចំពោះ​ខ្ញុំ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ទុក​ចិត្ត​បង‌ប្អូន​ថា បង‌ប្អូន​មុខ​ជា​មិន​បែក​គំនិត​ទៅ​រក​អ្វី​ផ្សេង​សោះ​ឡើយ។ រីឯ​អ្នក​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​កើត​វឹក‌វរ​នោះ​វិញ ទោះ​ជា​នរណា​ក៏​ដោយ គេ​ត្រូវ​តែ​ទទួល​ទោស។

11 បង‌ប្អូន​អើយ ចំពោះ​ខ្ញុំ​វិញ ប្រសិន​បើ​ខ្ញុំ​ប្រកាស​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក​ទៀត​នោះ ម្ដេច​ក៏​គេ​នៅ​តែ​បៀត‌បៀន​ខ្ញុំ​ទៀត? ប្រសិន​បើ​ខ្ញុំ​ប្រកាស​ដូច្នេះ ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រិស្ដ​ជាប់​ឆ្កាង​នឹង​លែង​ធ្វើ​ឲ្យ​គេ​រវាត​ចិត្ត ឃ្លាត​ចាក​ពី​ជំនឿ​ទៀត​ហើយ។

12 អ្នក​ដែល​នាំ​ឲ្យ​បង‌ប្អូន​ជ្រួល‌ច្របល់​បែប​នេះ ត្រូវ​តែ​ឲ្យ​គេ​ក្រៀវ​ខ្លួន​ឯង​តែ​ម្ដង​ទៅ។

13 បង‌ប្អូន​អើយ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឲ្យ​មាន​សេរី‌ភាព ក៏​ប៉ុន្តែ សូម​កុំ​យក​សេរី‌ភាព​នេះ​មក​ធ្វើ​ជា​លេស ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​សោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​ស្រឡាញ់

14 ដ្បិត​ក្រឹត្យ‌វិន័យ​ទាំង​មូល​សរុប​មក​ត្រឹម​តែ​ឃ្លា​មួយ​នេះ​ថា «អ្នក​ត្រូវ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»។

15 បើ​បង‌ប្អូន​ប្រខាំ​គ្នា និង​ហែក‌ហួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ចូរ​ប្រយ័ត្ន​ក្រែង‌លោ​បង‌ប្អូន​ត្រូវ​វិនាស​អន្តរាយ ដោយ‌សារ​តែ​គ្នា​ឯង។