លូកា 15:16-22 KHSV

16 គាត់​ចង់​ចំអែត​ក្រពះ​នឹង​ចំណី​ដែល​គេ​ដាក់​ឲ្យ​ជ្រូក​ស៊ី​នោះ​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​បរិភោគ​ឡើយ។

17 ពេល​នោះ កូន​ពៅ​ភ្ញាក់​ខ្លួន ហើយ​រិះគិត​ក្នុង​ចិត្ត​ថា “អ្នក​បម្រើ​របស់​ឪពុក​អញ​សុទ្ធ​តែ​មាន​ម្ហូប​អាហារ​បរិភោគ​ហូរ‌ហៀរ​ទាំង​អស់​គ្នា រីឯ​នៅ​ទី​នេះ​វិញ អញ​សឹង​តែ​ដាច់​ពោះ​ស្លាប់។

18 អញ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​រក​ឪពុក​អញ​វិញ ហើយ​ជម្រាប​គាត់​ថា លោក​ឪពុក កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ កូន​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​លោក​ឪពុក​ដែរ។

19 មិន​គួរ​ឲ្យ​លោក​ឪពុក​រាប់​ខ្ញុំ​នេះ​ជា​កូន​ទៀត​ទេ សូម​លោក​ឪពុក​ចាត់​ទុក​កូន​ជា​អ្នក​បម្រើ​ចុះ”។

20 លុះ​គិត​ដូច្នោះ​ហើយ កូន​ពៅ​ក៏​វិល​ត្រឡប់​ទៅ​រក​ឪពុក​វិញ។ កាល​ឪពុក​ឃើញ​កូន​ពី​ចម្ងាយ គាត់​មាន​ចិត្ត​អាណិត​អាសូរ​ក្រៃ‌លែង ក៏​រត់​ទៅ​ទទួល​កូន ហើយ​ឱប​ថើប​ទៀត​ផង។

21 កូន​ពៅ​ជម្រាប​ឪពុក​ថា “លោក​ឪពុក កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ កូន​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​លោក​ឪពុក​ដែរ មិន​គួរ​ឲ្យ​លោក​ឪពុក​រាប់​ខ្ញុំ​នេះ​ជា​កូន​ទៀត​ទេ”។

22 ឪពុក​ប្រាប់​ពួក​អ្នក​បម្រើ​ថា “ចូរ​ទៅ​យក​សម្លៀក‌បំពាក់​ល្អៗ​បំផុត មក​ពាក់​ឲ្យ​កូន​ខ្ញុំ​ជា​ប្រញាប់ ហើយ​យក​ចិញ្ចៀន និង​ស្បែក​ជើង មក​ពាក់​ឲ្យ​ផង។