1 សូមយកតម្រាប់តាមខ្ញុំ ដូចខ្លួនខ្ញុំផ្ទាល់បានយកតម្រាប់តាមព្រះគ្រិស្ដ*ដែរ។
2 ខ្ញុំសូមសរសើរបងប្អូន ដោយបងប្អូននឹកដល់ខ្ញុំក្នុងគ្រប់កាលៈទេសៈ ហើយប្រតិបត្តិតាមពាក្យទូន្មានទាំងប៉ុន្មាន ដែលខ្ញុំបានយកមកជូនបងប្អូន។
3 ក៏ប៉ុន្តែ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ព្រះគ្រិស្ដនាំមុខបុរសគ្រប់រូប បុរសនាំមុខស្ត្រី ហើយព្រះជាម្ចាស់នាំមុខព្រះគ្រិស្ដ។
4 បុរសណាអធិស្ឋាន* ឬថ្លែងព្រះបន្ទូល ទាំងមានពាក់អ្វីពីលើក្បាល បុរសនោះបន្ថោកព្រះគ្រិស្ដ។
5 ផ្ទុយទៅវិញ ស្ត្រីណាអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយមិនទទូរស្បៃពីលើក្បាលទេ ស្ត្រីនោះបន្ថោកប្ដីរបស់ខ្លួន ធ្វើយ៉ាងនេះ ប្រៀបបីដូចជានាងកោរសក់ដែរ។
6 បើស្ត្រីណាមិនទទូរស្បៃពីលើក្បាលទេ ឲ្យនាងកោរសក់តែម្ដងទៅ! ប៉ុន្តែ បើការកាត់សក់ ឬកោរសក់នាំឲ្យស្ត្រីៗអាម៉ាស់មុខដូច្នេះ នាងត្រូវតែទទូរស្បៃ។
7 ប្រុសៗមិនត្រូវទទូរស្បៃពីលើក្បាលឡើយ ព្រោះខ្លួនជាតំណាងព្រះជាម្ចាស់ និងសម្តែងសិរីរុងរឿងរបស់ព្រះអង្គឲ្យគេឃើញ។ រីឯស្ត្រីវិញ នាងសម្តែងសិរីរុងរឿងរបស់ប្ដីឲ្យគេឃើញ
8 ដ្បិតបុរសដើមដំបូងមិនបានកើតចេញពីស្ត្រីឡើយ គឺស្ត្រីទេតើដែលកើតចេញពីបុរស
9 ហើយព្រះជាម្ចាស់ពុំបានបង្កើតបុរសមកសម្រាប់ស្ត្រីទេ គឺព្រះអង្គបង្កើតស្ត្រីសម្រាប់បុរសវិញ។
10 ហេតុនេះ ដោយយោគយល់ដល់ពួកទេវតា* ស្ត្រីៗត្រូវតែទទូរស្បៃជាសញ្ញាថា នាងស្ថិតនៅក្រោមអំណាចប្ដីរបស់ខ្លួន។
11 ក៏ប៉ុន្តែ ក្នុងការរស់នៅរួមជាមួយព្រះអម្ចាស់ ស្ត្រីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ត្រីជាចាំបាច់ដែរ។
12 ព្រះជាម្ចាស់បានយកស្ត្រីចេញមកពីបុរសយ៉ាងណា បុរសក៏កើតចេញមកពីស្ត្រីយ៉ាងនោះដែរ ហើយអ្វីៗទាំងអស់សុទ្ធតែកើតមកពីព្រះជាម្ចាស់។
13 សូមបងប្អូនពិចារណាមើលខ្លួនឯងទៅចុះថា តើស្ត្រីៗអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយមិនទទូរស្បៃ សម ឬមិនសម?
14 សូម្បីតែធម្មជាតិក៏បានបង្ហាញឲ្យយើងដឹងដែរថា បើប្រុសៗទុកសក់វែង នោះគឺជាការអាម៉ាស់មុខណាស់
15 ផ្ទុយទៅវិញ សក់វែងជាសិរីរុងរឿងរបស់ស្ត្រី។ តាមពិតព្រះជាម្ចាស់ប្រទានឲ្យស្ត្រីៗមានសក់វែង ទុកដូចជាស្បៃនៅលើក្បាលរបស់នាង។
16 ប្រសិនបើនរណាម្នាក់ចង់ប្រកែកតវ៉ាអំពីរឿងនេះ តោងដឹងថា យើងមិនដែលមានទម្លាប់នេះទេ ហើយក្រុមជំនុំ*របស់ព្រះជាម្ចាស់ក៏មិនដែលមានដែរ។
17 ក្រៅពីសេចក្ដីដែលខ្ញុំបានរៀបរាប់មកនេះ ខ្ញុំពុំអាចសរសើរបងប្អូនបានឡើយ ព្រោះការប្រជុំរបស់បងប្អូន ពុំបានធ្វើឲ្យបងប្អូនចម្រើនឡើងទេ គឺបែរជាបណ្ដាលឲ្យអន់ថយទៅៗ
18 ជាបឋម ខ្ញុំបានឮដំណឹងថា នៅពេលបងប្អូនរួមប្រជុំគ្នាជាក្រុមជំនុំ* នោះបងប្អូនបានបាក់បែកគ្នាជាបក្សជាពួក។ ត្រង់នេះ ខ្ញុំជឿខ្លះៗដែរ។
19 ត្រូវតែមានការខ្វែងគំនិតក្នុងចំណោមបងប្អូនដូច្នេះឯង ដើម្បីឲ្យដឹងថាអ្នកណាពិតជាមានចិត្តស៊ូទ្រាំយ៉ាងស្មោះមែន។
20 ពេលបងប្អូនប្រជុំគ្នា បងប្អូនមិនបរិភោគពិធីជប់លៀងរបស់ព្រះអម្ចាស់*ទេ
21 ព្រោះម្នាក់ៗគិតតែពីប្រញាប់ប្រញាល់បរិភោគម្ហូបអាហារដែលខ្លួនយកមក នាំឲ្យអ្នកខ្លះគ្មានអ្វីបរិភោគ អ្នកខ្លះស្រវឹង។
22 តើបងប្អូនគ្មានផ្ទះសម្បែងសម្រាប់ពិសាបាយទឹកទេឬ? ឬមួយមកពីបងប្អូនប្រមាថមាក់ងាយក្រុមជំនុំរបស់ព្រះជាម្ចាស់ និងចង់ធ្វើឲ្យអ្នកដែលគ្មានអ្វីបរិភោគត្រូវអៀនខ្មាស? តើត្រូវឲ្យខ្ញុំនិយាយមកកាន់បងប្អូនដោយរបៀបណា? ឲ្យខ្ញុំសរសើរបងប្អូនឬ? ទេខ្ញុំពុំអាចសរសើរបងប្អូនក្នុងរឿងនេះបានទេ!
23 រីឯខ្ញុំ ខ្ញុំបានជម្រាបបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្កាង ព្រះអង្គយកនំប៉័ងមកកាន់
24 ទ្រង់អរព្រះគុណព្រះជាម្ចាស់ ហើយកាច់នំប៉័ងនោះ ទាំងមានព្រះបន្ទូលថា “នេះជារូបកាយខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ”។
25 លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ទ្រង់យកពែងមកកាន់ ទាំងមានព្រះបន្ទូលថា “នេះជាពែងនៃសម្ពន្ធមេត្រី*ថ្មី ចងឡើង ដោយលោហិតរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ”។
26 រៀងរាល់ពេលដែលបងប្អូនពិសានំប៉័ង និងពិសាពីពែងនេះ បងប្អូនប្រកាសអំពីព្រះអម្ចាស់សោយទិវង្គត រហូតដល់ព្រះអង្គយាងមកវិញ។
27 ហេតុនេះ ប្រសិនបើអ្នកណាពិសានំប៉័ង និងពិសាពីពែងរបស់ព្រះអម្ចាស់ដោយមិនសមរម្យ អ្នកនោះនឹងមានកំហុស ដោយមិនបានគោរពព្រះកាយ និងព្រះលោហិតរបស់ព្រះអម្ចាស់។
28 ដូច្នេះ ម្នាក់ៗត្រូវពិនិត្យពិច័យមើលចិត្តគំនិតរបស់ខ្លួនឯងសិន សឹមពិសានំប៉័ង និងពិសាពីពែងរបស់ព្រះអម្ចាស់
29 ដ្បិតអ្នកណាពិសានំប៉័ង និងពិសាពីពែងនោះ ដោយមិនបានយល់ដល់ព្រះកាយរបស់ព្រះអម្ចាស់ទេ អ្នកនោះយកទោសមកដាក់លើខ្លួនឯងផ្ទាល់។
30 ហេតុនេះហើយបានជានៅក្នុងចំណោមបងប្អូន មានគ្នាច្រើនខ្សោយកម្លាំង និងឈឺ ហើយមានមួយចំនួនធំបានស្លាប់។
31 ប្រសិនបើយើងពិនិត្យពិច័យមើលខ្លួនឯង ព្រះអម្ចាស់នឹងមិនវិនិច្ឆ័យទោសយើងទេ។
32 ប៉ុន្តែ បើព្រះអម្ចាស់វិនិច្ឆ័យទោសយើង មកពីព្រះអង្គចង់កែយើង ដើម្បីកុំឲ្យយើងទទួលទោសជាមួយលោកីយ៍។
33 ហេតុនេះ បងប្អូនអើយ នៅពេលបងប្អូនជួបជុំគ្នាបរិភោគពិធីជប់លៀងរបស់ព្រះអម្ចាស់ ត្រូវចាំគ្នាផង។
34 ប្រសិនបើអ្នកណាឃ្លាន អ្នកនោះត្រូវពិសាបាយពីផ្ទះឲ្យហើយទៅ ដើម្បីចៀសវាងកុំឲ្យការប្រជុំរបស់បងប្អូន ទៅជាមានទោសទៅវិញ។ចំពោះបញ្ហាឯទៀតៗ ខ្ញុំនឹងដោះស្រាយជូន នៅពេលខ្ញុំមកដល់។