១ ពេត្រុស 5:1-7 KHSV

1 ចំពោះ​ព្រឹទ្ធា‌ចារ្យ*​ដែល​នៅ​ក្នុង​ចំណោម​បង‌ប្អូន ក្នុង​នាម​ខ្ញុំ​ជា​ព្រឹទ្ធា‌ចារ្យ​ដូច​គ្នា ហើយ​ជា​បន្ទាល់​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រិស្ដ* និង​ជា​អ្នក​រួម​ទទួល​សិរី‌រុងរឿង ដែល​នឹង​ត្រូវ​លេច​មក ខ្ញុំ​សូម​ដាស់‌តឿន​ថា:

2 សូម​មើល​ថែ‌រក្សា​ហ្វូង​ចៀម​ដែល​ព្រះ‌ជា‌ម្ចាស់​ផ្ញើ​ទុក​នឹង​បង‌ប្អូន ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់ គឺ​មិន​មែន​ដោយ​ទើស​ទ័ល ឬ​ដោយ​ចង់​បាន​កំរៃ​អ្វី​ដែរ តែ​ត្រូវ​មើល​ថែ‌រក្សា​ដោយ​សុទ្ធ​ចិត្ត។

3 កុំ​ប្រើ​អំណាច​ជិះ‌ជាន់​អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​មក​ឲ្យ​បង‌ប្អូន​ថែ‌រក្សា​នោះ​ឡើយ គឺ​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ។

4 ពេល​គង្វាល​ដ៏​ឧត្ដម​យាង​មក​ដល់ បង‌ប្អូន​នឹង​ទទួល​មកុដ​ដ៏​រុងរឿង​ដែល​មិន​ចេះ​អាប់​រស្មី។

5 រីឯ​ពួក​យុវជន​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​ព្រឹទ្ធា‌ចារ្យ*។ ចូរ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សុភាព​រាប‌សា ដ្បិត«ព្រះ‌ជា‌ម្ចាស់​ប្រឆាំង​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន​វិញ»។

6 ដូច្នេះ ត្រូវ​ដាក់​ខ្លួន​នៅ​ក្រោម​ព្រះ‌ហស្ដ​ដ៏​មាន​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់ ដើម្បី​ឲ្យ​ព្រះ‌អង្គ​លើក​តម្កើង​បង‌ប្អូន នៅ​ពេល​ដែល​ព្រះ‌អង្គ​បាន​កំណត់​ទុក។

7 ចូរ​ផ្ទេរ​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​របស់​បង‌ប្អូន​ទៅ​ព្រះ‌អង្គ​ទៅ ដ្បិត​ទ្រង់​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​បង‌ប្អូន។