1 ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តអំពើបាប យើងមានព្រះដ៏ជួយការពារមួយព្រះអង្គ គង់នៅទល់មុខព្រះបិតា គឺព្រះយេស៊ូគ្រិស្ដដ៏សុចរិត។
2 ព្រះអង្គបានបូជាព្រះជន្ម ដើម្បីលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។
3 ប្រសិនបើយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ នោះទើបយើងដឹងថា យើងបានស្គាល់ព្រះអង្គមែន។
4 អ្នកណាពោលថា «ខ្ញុំស្គាល់ព្រះអង្គហើយ» តែមិនកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះនិយាយកុហក ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។
5 រីឯអ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាស្ថិតនៅក្នុងអ្នកនោះ គ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គដោយសេចក្ដីនេះ
6 គឺអ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចព្រះអម្ចាស់ធ្លាប់រស់ដែរ។
7 កូនចៅជាទីស្រឡាញ់អើយ ខ្ញុំមិនសរសេរបទបញ្ជា*ថ្មីណាមួយមកជូនអ្នករាល់គ្នាឡើយ គឺខ្ញុំសរសេរបទបញ្ជាចាស់ ជាបទបញ្ជាដែលអ្នករាល់គ្នាបានទទួល តាំងពីដើមរៀងមក។ បទបញ្ជា*ចាស់នេះជាព្រះបន្ទូល ដែលអ្នករាល់គ្នាធ្លាប់បានឮរួចមកហើយ។
8 យ៉ាងណាមិញ បទបញ្ជាថ្មីដែលខ្ញុំសរសេរមកអ្នករាល់គ្នា ពិតជាថ្មីក្នុងអង្គព្រះគ្រិស្ដ* និងក្នុងអ្នករាល់គ្នា ដ្បិតសេចក្ដីងងឹតកំពុងតែរសាត់បាត់ទៅ រីឯពន្លឺដ៏ពិតប្រាកដបានភ្លឺឡើងហើយ។
9 អ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងពន្លឺ តែស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹតនៅឡើយ។
10 អ្នកណាស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងពន្លឺ ហើយគ្មានអ្វីធ្វើឲ្យគាត់រវាតចិត្តចេញពីជំនឿឡើយ។
11 រីឯអ្នកណាស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹត គេរស់ក្នុងសេចក្ដីងងឹត ទាំងពុំដឹងថាខ្លួនកំពុងទៅណាផង ព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់គេទៅជាខ្វាក់។
12 ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា ព្រះជាម្ចាស់បានលើកលែងទោសអ្នកឲ្យរួចពីបាប ដោយសារព្រះនាមរបស់ព្រះយេស៊ូ។
13 ចាស់ទុំទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានឈ្នះមារ*កំណាចហើយ។
14 ក្មេងៗទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះបិតា។ ចាស់ទុំទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គ ដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកមានកម្លាំងពលំ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមារកំណាច។
15 កុំស្រឡាញ់លោកីយ៍ និងអ្វីៗនៅក្នុងលោកីយ៍នេះឡើយ។ អ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។
16 អ្វីៗនៅក្នុងលោកីយ៍នេះ ដូចជាចិត្តលោភលន់របស់មនុស្ស ចិត្តលោភលន់ចង់បានអ្វីៗដែលភ្នែកមើលឃើញ និងអំនួត ព្រោះមានទ្រព្យសម្បត្តិ មិនមែនមកពីព្រះបិតាទេ គឺមកពីគំនិតលោកីយ៍វិញ។
17 លោកីយ៍នេះកំពុងតែរសាត់បាត់ទៅ ហើយចិត្តលោភលន់របស់មនុស្សលោកក៏កំពុងតែរសាត់បាត់ទៅដែរ។ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នឹងនៅស្ថិតស្ថេរគង់វង្សអស់កល្បជានិច្ច។
18 ម្នាលកូនចៅទាំងឡាយអើយ ពេលនេះ ជាពេលចុងក្រោយបំផុត ដូចអ្នករាល់គ្នាបានឮស្រាប់ហើយថា មានមេប្រឆាំង*ព្រះគ្រិស្ដម្នាក់កំពុងតែមក។ ឥឡូវនេះ មានមេប្រឆាំងព្រះគ្រិស្ដជាច្រើននាក់មកដល់មែន ជាហេតុនាំឲ្យយើងដឹងថា គ្រានេះជាគ្រាចុងក្រោយបំផុតហើយ។
19 អ្នកទាំងនោះបានចេញពីចំណោមពួកយើងទៅ តែពួកគេមិនមែនជាគ្នាយើងទេ បើគេជាគ្នាយើងមែន គេមុខជានៅជាមួយយើងរហូតមិនខាន។ ប៉ុន្តែ គេចាកចេញពីយើងទៅ ដូច្នេះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់ទេ។
20 រីឯអ្នករាល់គ្នាវិញ ព្រះដ៏វិសុទ្ធ*បានចាក់ប្រេងមកលើអ្នករាល់គ្នា ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។
21 ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនមកពីអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺខ្ញុំសរសេរមកព្រោះអ្នករាល់គ្នាស្គាល់សេចក្ដីពិតរួចហើយ ហើយគ្មានពាក្យកុហកណាកើតមកពីសេចក្ដីពិតទាល់តែសោះ។
22 តើនរណាជាអ្នកកុហក? គឺគ្មាននរណាក្រៅពីអ្នកដែលបដិសេធមិនទទួលស្គាល់ព្រះយេស៊ូ ថាជាព្រះគ្រិស្ដ*នោះឡើយ។ អ្នកណាបដិសេធមិនទទួលស្គាល់ ទាំងព្រះបិតា ទាំងព្រះបុត្រា គឺអ្នកនោះហើយជាមេប្រឆាំង*ព្រះគ្រិស្ដ។
23 អ្នកណាមិនទទួលស្គាល់ព្រះបុត្រា អ្នកនោះក៏គ្មានព្រះបិតាគង់ជាមួយដែរ រីឯអ្នកដែលទទួលស្គាល់ព្រះបុត្រា ទើបមានព្រះបិតាគង់ជាមួយ។
24 ចំពោះអ្នករាល់គ្នាវិញ ចូរទុកឲ្យសេចក្ដីដែលអ្នករាល់គ្នាធ្លាប់បានឮ តាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ ប្រសិនបើសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏ស្ថិតនៅជាប់នឹងព្រះបុត្រា និងព្រះបិតាដែរ។
25 រីឯព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយយើងនោះ គឺព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចមកយើង។
26 ខ្ញុំសរសេរមកអ្នករាល់គ្នាស្ដីអំពីពួកអ្នក ដែលបានមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេង។
27 ព្រះវិញ្ញាណដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា ទ្រង់គង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការឲ្យនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើព្រះវិញ្ញាណបង្រៀនគ្រប់សេចក្ដីដល់អ្នករាល់គ្នា (ព្រះអង្គមិនកុហកទេ ព្រះអង្គជាសេចក្ដីពិត) ដូច្នេះ អ្នករាល់គ្នាស្ថិតនៅជាប់នឹងព្រះគ្រិស្ដ*ដូចព្រះវិញ្ញាណបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ។
28 ឥឡូវនេះ កូនចៅទាំងឡាយអើយ ចូរស្ថិតនៅជាប់នឹងព្រះយេស៊ូចុះ ដើម្បីឲ្យយើងមានចិត្តរឹងប៉ឹង នៅថ្ងៃដែលព្រះអង្គយាងមកយ៉ាងរុងរឿង ហើយពេលព្រះអង្គយាងមកនោះ យើងនឹងមិនត្រូវអៀនខ្មាសនៅចំពោះព្រះភ័ក្ត្រព្រះអង្គឡើយ។
29 អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះអង្គសុចរិត ហេតុនេះ ចូរអ្នករាល់គ្នាដឹងដែរថា អស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត សុទ្ធតែកើតមកពីព្រះអង្គទាំងអស់។