12 អ្នកណាមានព្រះបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ទេ អ្នកនោះគ្មានជីវិតនេះឡើយ។
13 ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់ មានជីវិតអស់កល្បជានិច្ចហើយ។
14 ហេតុនេះហើយបានជាយើងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ គឺថា ប្រសិនបើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះទ្រង់នឹងព្រះសណ្ដាប់យើងជាមិនខាន។
15 បើយើងដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់យើង ទោះបីយើងទូលសូមអ្វីពីព្រះអង្គក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងទូលសូមនោះរួចហើយ។
16 ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនប្រព្រឹត្តអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គនឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យទូលអង្វរទេ។
17 អំពើទុច្ចរិតទាំងប៉ុន្មានសុទ្ធតែជាអំពើបាបទាំងអស់ ប៉ុន្តែ មានអំពើបាបខ្លះមិនបណ្ដាលឲ្យស្លាប់ឡើយ។
18 យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្តអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ទ្រង់ការពារអ្នកនោះ ហើយមារ*កំណាចពុំអាចយាយីគេបានឡើយ។