23 ពេលនេះខ្ញុំរារែកដោយសារសេចក្ដីទាំងពីរយ៉ាង ម្យ៉ាងគឺចង់ទៅនៅជាមួយព្រះគ្រិស្ដ ដ្បិតការនេះប្រសើរជាងខ្លាំងណាស់
24 ប៉ុន្ដែម្យ៉ាងទៀត ខ្ញុំនៅក្នុងរូបកាយនេះតទៅទៀត នោះចាំបាច់ជាងសម្រាប់អ្នករាល់គ្នា
25 ដោយជឿជាក់លើសេចក្ដីនេះ បានជាខ្ញុំដឹងថា ខ្ញុំនឹងរស់នៅ ហើយស្នាក់នៅជាមួយអ្នករាល់គ្នាតទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាបានរីកចម្រើនឡើង ហើយមានអំណរដោយសារជំនឿ
26 និងដើម្បីឲ្យអ្នករាល់គ្នាមានមោទនៈភាពកាន់តែខ្លាំងឡើងចំពោះខ្ញុំនៅក្នុងព្រះយេស៊ូគ្រិស្ដ ដោយសារខ្ញុំមកនៅជាមួយអ្នករាល់គ្នាម្ដងទៀត។
27 អ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្ដិសមនឹងដំណឹងល្អរបស់ព្រះគ្រិស្ដចុះ នោះទោះបីខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយក្ដី ខ្ញុំនឹងឮអំពីអ្នករាល់គ្នាថា អ្នករាល់គ្នាឈរមាំមួនដោយមានវិញ្ញាណតែមួយ និងតស៊ូជាមួយគ្នាដោយមានគំនិតតែមួយដើម្បីជំនឿលើដំណឹងល្អ
28 ទាំងមិនខ្លាចពួកអ្នកប្រឆាំងនៅក្នុងការអ្វីឡើយ។ នេះជាភស្ដុតាងពីសេចក្ដីវិនាសសម្រាប់ពួកគេ ប៉ុន្ដែជាសេចក្ដីសង្គ្រោះសម្រាប់អ្នករាល់គ្នាវិញ ហើយការនេះមកពីព្រះជាម្ចាស់
29 ពីព្រោះការនេះត្រូវបានប្រទានមកអ្នករាល់គ្នាដោយសារព្រះគ្រិស្ដ គឺមិនគ្រាន់តែឲ្យអ្នករាល់គ្នាជឿព្រះអង្គប៉ុណ្ណោះទេ ថែមទាំងឲ្យរងទុក្ខលំបាកដោយព្រោះព្រះអង្គដែរ