ភីលីព 4:8-14 KCB

8 នៅ​ទីបញ្ចប់​នេះ​ បងប្អូន​អើយ‍!​ សេចក្ដី​ណា​ដែល​ពិត​ សេចក្ដី​ណា​ដែល​គួរ​គោរព​ សេចក្ដី​ណា​ដែល​សុចរិត​ សេចក្ដី​ណា​ដែល​បរិសុទ្ធ​ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់​ សេចក្ដី​ណា​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ បើ​មាន​សេចក្ដី​ល្អ​ ឬ​សេចក្ដី​គួរ​សរសើរ​ណា​មួយ​ ចូរ​ពិចារណា​អំពី​សេចក្ដី​ទាំង​នោះ​ចុះ​

9 ហើយ​សេចក្ដី​ទាំងឡាយ​ដែល​អ្នក​រាល់គ្នា​បាន​រៀន​ បាន​ទទួល​ បាន​ឮ​ និង​បាន​ឃើញ​នៅ​ក្នុង​ខ្ញុំ​ ចូរ​អ្នក​រាល់គ្នា​ធ្វើ​តាម​ចុះ​ នោះ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ដ​នឹង​គង់​ជាមួយ​អ្នក​រាល់គ្នា។​

10 ខ្ញុំ​មាន​អំណរ​ក្នុង​ព្រះអម្ចាស់​ណាស់​ដែល​អ្នក​រាល់គ្នា​បាន​គិត​ដល់​ខ្ញុំ​ជា​ថ្មី​នៅ​ទីបំផុត​នេះ​ ដ្បិត​អ្នក​រាល់គ្នា​ពិត​ជា​បាន​គិត​ដល់​ខ្ញុំ​មែន​ ប៉ុន្ដែ​អ្នក​រាល់គ្នា​គ្មាន​ឱកាស​

11 ខ្ញុំ​និយាយ​បែប​នេះ​មិន​មែន​មក​ពី​ខ្ញុំ​ខ្វះខាត​ទេ​ ដ្បិត​ខ្ញុំ​ចេះ​ស្កប់​ចិត្ត​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់​

12 ខ្ញុំ​ស្គាល់​ភាព​ទ័លក្រ​ជា​យ៉ាង​ណា​ ហើយ​ភាព​ហូរហៀរ​ជា​យ៉ាង​ណា​ គឺ​ខ្ញុំ​ចេះ​រស់​គ្រប់​កាលៈទេសៈ​ទាំង​អស់​ មិន​ថា​ពេល​ឆ្អែត​ ពេល​ឃ្លាន​ ពេល​ហូរហៀរ​ ឬ​ពេល​ខ្វះខាត​ទេ។​

13 ខ្ញុំ​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​ដោយសារ​ព្រះអង្គ​ដែល​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​

14 លើស​ពី​នេះ​ អ្នក​រាល់គ្នា​បាន​រួម​ចំណែក​ជាមួយ​ខ្ញុំ​យ៉ាង​ប្រសើរ​ នៅ​ពេល​ខ្ញុំ​មាន​សេចក្ដី​វេទនា។​