1 ខ្ញុំយូដាស ជាបាវបម្រើរបស់ព្រះយេស៊ូគ្រិស្ដ ហើយជាបងប្អូនរបស់លោកយ៉ាកុប ជូនចំពោះអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ គឺអស់អ្នកព្រះជាម្ចាស់ដ៏ជាព្រះវរបិតាស្រឡាញ់ ហើយរក្សាទុកសម្រាប់ព្រះយេស៊ូគ្រិស្ដ
2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីមេត្ដាករុណា សេចក្ដីសុខសាន្ដ និងសេចក្ដីស្រឡាញ់កាន់តែច្រើនឡើងៗ។
3 បងប្អូនជាទីស្រឡាញ់អើយ! នៅពេលខ្ញុំខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីសរសេរមកឯអ្នករាល់គ្នាអំពីសេចក្ដីសង្គ្រោះដែលយើងបានទទួលរួមគ្នា នោះខ្ញុំយល់ឃើញថា ខ្ញុំត្រូវតែសរសេរដាស់តឿនអ្នករាល់គ្នាឲ្យខំតយុទ្ធដើម្បីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធមួយដងជាសម្រេច។
4 ដ្បិតមានមនុស្សខ្លះបានជ្រៀតចូលមកដោយលួចលាក់ គឺជាពួកដែលត្រូវបានកត់ទុកតាំងពីដើមមកសម្រាប់ការជំនុំជម្រះនេះ ពួកគេជាមនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ គេបានផ្លាស់ប្ដូរព្រះគុណរបស់ព្រះជាម្ចាស់នៃយើងទៅការល្មោភកាម ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ដជាចៅហ្វាយ និងជាព្រះអម្ចាស់តែមួយគត់របស់យើងទេ។
5 អ្នករាល់គ្នាបានដឹងសេចក្ដីទាំងនេះរួចហើយ ប៉ុន្ដែខ្ញុំចង់រំលឹកអ្នករាល់គ្នាថា ព្រះអម្ចាស់បានសង្គ្រោះប្រជាជនរបស់ព្រះអង្គឲ្យចេញផុតពីទឹកដីស្រុកអេស៊ីព្ទ ក្រោយមកទៀត ព្រះអង្គក៏បំផ្លាញពួកអ្នកដែលមិនជឿ
6 រីឯពួកទេវតាដែលមិនបានរក្សាឋានៈរបស់ខ្លួន ហើយបានបោះបង់ចោលលំនៅរបស់ខ្លួន នោះព្រះអង្គបានឃុំទុកក្នុងទីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសម្រាប់ជំនុំជម្រះនៅថ្ងៃដ៏អស្ចារ្យនោះ
7 ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងផ្សេងទៀតដែលនៅជុំវិញនោះដែរ ដែលបានប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ហើយដេញតាមចំណង់រួមភេទខុសធម្មតា ដូចជាពួកទេវតាទាំងនោះដែរ ពួកគេត្រលប់ជាគំរូអំពីការទទួលទណ្ឌកម្មនៅក្នុងភ្លើងអស់កល្បជានិច្ច។