34 ដូច្នេះ ខ្ញុំបានឃើញ ហើយបានជាខ្ញុំធ្វើបន្ទាល់ថា គឺព្រះអង្គនេះហើយ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»។
35 នៅថ្ងៃបន្ទាប់មក លោកយ៉ូហានបានឈរម្ដងទៀត ជាមួយសិស្សរបស់គាត់ពីរនាក់
36 គាត់មើលឃើញព្រះយេស៊ូកំពុងយាងកាត់ទីនោះ គាត់ក៏និយាយថា៖ «មើល៍ នោះជាកូនចៀមរបស់ព្រះជាម្ចាស់»។
37 ពេលសិស្សទាំងពីររបស់គាត់ឮគាត់និយាយដូច្នេះ ពួកគេក៏ដើរតាមព្រះយេស៊ូទៅ។
38 ពេលព្រះយេស៊ូងាកមកឃើញអ្នកទាំងពីរនោះកំពុងដើរតាមព្រះអង្គដូច្នេះ ក៏មានបន្ទូលទៅពួកគេថា៖ «តើពួកអ្នកមករកអ្វី?» ពួកគេទូលទៅព្រះអង្គថា៖ «រ៉ាប់ប៊ី! (ដែលប្រែថា លោកគ្រូ) តើលោកស្នាក់នៅកន្លែងណា?»
39 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មកមើលចុះ!» ដូច្នេះ ពួកគេក៏ទៅ ហើយឃើញកន្លែងដែលព្រះអង្គគង់នៅ រួចបានស្នាក់នៅជាមួយព្រះអង្គនៅថ្ងៃនោះ ព្រោះពេលនោះម៉ោងប្រហែលបួនរសៀលហើយ។
40 ក្នុងចំណោមសិស្សទាំងពីរនាក់ ដែលបានឮលោកយ៉ូហាននិយាយ ហើយបានដើរតាមព្រះអង្គនោះ មានម្នាក់ឈ្មោះអន់ទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស។