យ៉ូហាន 1:40-46 KCB

40 ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​នាក់​ ដែល​បាន​ឮ​លោក​យ៉ូហាន​និយាយ​ ហើយ​បាន​ដើរ​តាម​ព្រះអង្គ​នោះ​ មាន​ម្នាក់​ឈ្មោះ​អន់ទ្រេ​ ជា​ប្អូន​របស់​លោក​ស៊ីម៉ូនពេត្រុស។​

41 លោក​អនទ្រេ​បាន​ទៅ​ជួប​លោក​ស៊ីម៉ូនជា​បង​ប្រុស​របស់​គាត់​មុន​គេ​ ហើយ​ប្រាប់​ថា៖​ «យើង​បាន​ជួប​ព្រះមែស៊ី​ហើយ!»​ (ដែល​ប្រែ​ថា​ ព្រះគ្រិស្ដ)។​

42 គាត់​ក៏​នាំ​លោក​ស៊ីម៉ូន​ទៅ​ឯ​ព្រះយេស៊ូ​ កាល​ព្រះយេស៊ូ​ឃើញ​លោកស៊ីម៉ូន​ ក៏​មាន​បន្ទូល​ថា៖​ «អ្នក​ឈ្មោះ​ស៊ីម៉ូន​ ជា​កូន​យ៉ូហាន​ អ្នក​នឹង​ត្រូវ​គេ​ហៅ​ថា​ កេផាស» ​(ដែល​ប្រែ​ថា​ ពេត្រុស)។​

43 ថ្ងៃ​បន្ទាប់​មក​ ព្រះយេស៊ូ​ចង់​ទៅ​ស្រុក​កាលីឡេ​ ហើយ​ព្រះអង្គ​បាន​ជួប​លោក​ភីលីព​ ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»។​

44 លោក​ភីលីព​នេះ​ មកពី​ក្រុង​បេតសៃដា​ ដែល​លោក​អនទ្រេ​ និង​លោក​ពេត្រុស​នៅ​ក្រុង​នោះ​ដែរ។​

45 លោក​ភីលីព​បាន​ទៅ​ជួប​លោក​ណាថាណែល​ ហើយ​ប្រាប់​គាត់​ថា៖​ «យើង​បាន​ជួប​ព្រះអង្គ​ ដែល​លោក​ម៉ូសេ​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​បាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​វិន័យ​ហើយ​ គឺ​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប»​

46 ពេល​នោះ​ លោក​ណាថាណែល​ក៏​សួរ​គាត់​ថា៖​ «តើ​មាន​អ្វី​ដែល​ល្អ​អាច​ចេញ​ពី​ក្រុង​ណាសារ៉ែត​បាន​ដែរ​ឬ?»​ លោក​ភីលីព​ឆ្លើយ​ថា៖​ «ចូរ​មក​មើល​ចុះ»។​