43 ថ្ងៃបន្ទាប់មក ព្រះយេស៊ូចង់ទៅស្រុកកាលីឡេ ហើយព្រះអង្គបានជួបលោកភីលីព ក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។
44 លោកភីលីពនេះ មកពីក្រុងបេតសៃដា ដែលលោកអនទ្រេ និងលោកពេត្រុសនៅក្រុងនោះដែរ។
45 លោកភីលីពបានទៅជួបលោកណាថាណែល ហើយប្រាប់គាត់ថា៖ «យើងបានជួបព្រះអង្គ ដែលលោកម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលបានចែងទុកនៅក្នុងគម្ពីរវិន័យហើយ គឺព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែត ត្រូវជាកូនរបស់លោកយ៉ូសែប»
46 ពេលនោះ លោកណាថាណែលក៏សួរគាត់ថា៖ «តើមានអ្វីដែលល្អអាចចេញពីក្រុងណាសារ៉ែតបានដែរឬ?» លោកភីលីពឆ្លើយថា៖ «ចូរមកមើលចុះ»។
47 ពេលព្រះយេស៊ូឃើញលោកណាថាណែលមកឯព្រះអង្គ ក៏មានបន្ទូលអំពីគាត់ថា៖ «មើល៍ នោះជាជនជាតិអ៊ីស្រាអែលពិតប្រាកដដែលគ្មានឧបាយកលសោះ»។
48 លោកណាថាណែលទូលសួរព្រះអង្គថា៖ «តើលោកស្គាល់ខ្ញុំយ៉ាងដូចម្ដេច?» ព្រះយេស៊ូឆ្លើយថា៖ «មុនពេលភីលីពហៅអ្នក ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វារួចទៅហើយ»។
49 លោកណាថាណែលក៏ទូលព្រះអង្គថា៖ «លោកគ្រូ! លោកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ និងជាស្តេចរបស់អ៊ីស្រាអែលមែនហើយ»។