20 ហើយពួកគេជាច្រើននិយាយថា៖ «អ្នកនេះមានអារក្សចូលរហូតដល់ឆ្កួតហើយ ហេតុអ្វីបានជាពួកអ្នកស្តាប់វា?»
21 ប៉ុន្ដែអ្នកខ្លះទៀតនិយាយថា៖ «ពាក្យទាំងនេះមិនមែនជាសំដីរបស់មនុស្សអារក្សចូលទេ តើអារក្សអាចធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់ភ្លឺបានដែរឬទេ?»
22 ពេលនោះជារដូវរងា ហើយពួកគេកំពុងធ្វើបុណ្យឆ្លងព្រះវិហារនៅក្រុងយេរូសាឡិម
23 ហើយនៅក្នុងព្រះវិហារ ព្រះយេស៊ូកំពុងយាងចុះឡើងនៅក្នុងសាលាសំណាក់សាឡូម៉ូន
24 នោះមានពួកជនជាតិយូដាចោមរោមព្រះអង្គ ទាំងទូលសួរថា៖ «តើឲ្យចិត្ដរបស់យើងនៅរារែកដល់ពេលណា? បើអ្នកជាព្រះគ្រិស្ដមែន សូមប្រាប់យើងត្រង់ៗមក»
25 ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ ប៉ុន្ដែអ្នករាល់គ្នាមិនជឿ ហើយកិច្ចការទាំងប៉ុន្មាន ដែលខ្ញុំធ្វើក្នុងព្រះនាមព្រះវរបិតារបស់ខ្ញុំ ក៏បានធ្វើបន្ទាល់អំពីខ្ញុំដែរ
26 ប៉ុន្ដែអ្នករាល់គ្នាមិនជឿទេ ព្រោះអ្នករាល់គ្នាមិនមែនជាចៀមរបស់ខ្ញុំ