16 មុនដំបូងពួកសិស្សរបស់ព្រះអង្គមិនយល់សេចក្ដីទាំងនេះទេ ប៉ុន្ដែកាលព្រះយេស៊ូបានតម្កើងឡើង នោះទើបពួកគេនឹកឃើញថា សេចក្ដីទាំងនេះបានចែងទុកអំពីព្រះអង្គ ហើយពួកគេក៏បានធ្វើកិច្ចការទាំងនោះសម្រាប់ព្រះអង្គដែរ។
17 រីឯបណ្តាជនដែលនៅជាមួយព្រះអង្គ ពួកគេបានធ្វើបន្ទាល់អំពីការដែលព្រះអង្គបានហៅឡាសារឲ្យចេញពីផ្នូរ និងបានប្រោសគាត់ឲ្យរស់ពីស្លាប់ឡើងវិញ
18 ដូច្នេះហើយបានជាមានបណ្តាជនទៅទទួលព្រះអង្គ ព្រោះពួកគេឮថា ព្រះអង្គបានធ្វើទីសំគាល់អស្ចារ្យនោះ។
19 ពេលនោះពួកអ្នកខាងគណៈផារិស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនឈ្នះទេ មើល៍ មនុស្សទៅតាមអ្នកនោះអស់ហើយ!»។
20 ក្នុងចំណោមពួកអ្នកដែលឡើងទៅថ្វាយបង្គំនៅក្នុងពិធីបុណ្យនោះ ក៏មានជនជាតិក្រេកខ្លះដែរ
21 អ្នកទាំងនោះបានចូលមកជិតលោកភីលីព ជាអ្នកក្រុងបេតសៃដា ក្នុងស្រុកកាលីឡេ ហើយពួកគេសុំគាត់ថា៖ «លោក! យើងចង់ឃើញព្រះយេស៊ូ»
22 ដូច្នេះលោកភីលីពបានទៅប្រាប់លោកអនទ្រេ ហើយលោកអនទ្រេ និងលោកភីលីពក៏ទៅទូលព្រះយេស៊ូ។