យ៉ូហាន 12:19-25 KCB

19 ពេល​នោះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​និយាយ​គ្នា​ថា៖​ «ឃើញ​ទេ ​យើង​មិន​ឈ្នះ​ទេ​ មើល៍​ មនុស្ស​ទៅ​តាម​អ្នក​នោះ​អស់​ហើយ!»។​

20 ក្នុង​ចំណោម​ពួកអ្នក​ដែល​ឡើង​ទៅ​ថ្វាយបង្គំ​នៅ​ក្នុង​ពិធី​បុណ្យ​នោះ​ ក៏​មាន​ជនជាតិ​ក្រេក​ខ្លះ​ដែរ​

21 អ្នក​ទាំង​នោះ​បាន​ចូល​មក​ជិត​លោក​ភីលីព​ ជា​អ្នក​ក្រុង​បេតសៃដា​ ក្នុង​ស្រុក​កាលីឡេ ​ហើយ​ពួកគេ​សុំ​គាត់​ថា៖​ «លោក!​ យើង​ចង់​ឃើញ​ព្រះយេស៊ូ»​

22 ដូច្នេះ​លោក​ភីលីព​បាន​ទៅ​ប្រាប់​លោក​អនទ្រេ​ ហើយ​លោក​អនទ្រេ​ និង​លោក​ភីលីព​ក៏​ទៅ​ទូល​ព្រះយេស៊ូ។​

23 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគាត់​ថា៖​ «ពេល​ដែល​កូន​មនុស្ស​ត្រូវ​តម្កើង​ឡើង​នោះ​ បាន​មក​ដល់​ហើយ​

24 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​ បើ​មិន​ងាប់​ទេ​ គ្រាប់​នោះ​នៅ​តែមួយ​ដដែល​ ប៉ុន្ដែ​បើ​ងាប់​វិញ​ នោះ​ទើប​បង្កើត​ផល​បាន​ច្រើន​

25 អ្នកណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន​ នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​ស្អប់​ជីវិត​ខ្លួន​នៅ​ក្នុង​លោកិយ​នេះ​ អ្នក​នោះ​នឹង​រក្សា​ជីវិត​បាន​រហូត​អស់កល្ប​ជានិច្ច​