30 ប៉ុន្ដែព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «សំឡេងនេះមក មិនមែនដោយព្រោះខ្ញុំទេ គឺដោយព្រោះអ្នករាល់គ្នាវិញ
31 ឥឡូវនេះជាពេលជំនុំជម្រះពិភពលោកនេះ ហើយត្រូវបណ្ដេញពួកអ្នកគ្រប់គ្រងពិភពលោកនេះចេញ
32 រីឯខ្ញុំវិញ បើខ្ញុំត្រូវបានលើកឡើងពីផែនដីនេះ នោះខ្ញុំនឹងនាំមនុស្សទាំងអស់ឲ្យមកឯខ្ញុំ»។
33 ព្រះអង្គមានបន្ទូលដូច្នេះដើម្បីបង្ហាញថា ការដែលព្រះអង្គសោយទិវង្គត ជាការសោយទិវង្គតបែបណា។
34 បណ្ដាជនទូលឆ្លើយទៅព្រះអង្គថា៖ «យើងបានឮពីគម្ពីរវិន័យថា ព្រះគ្រិស្ដត្រូវគង់នៅអស់កល្បជានិច្ច ចុះហេតុដូចម្តេចបានជាអ្នកនិយាយថា កូនមនុស្សត្រូវលើកឡើងដូច្នេះ? តើកូនមនុស្សនោះជានរណា?»
35 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពន្លឺនៅក្នុងចំណោមអ្នករាល់គ្នាតែមួយរយៈពេលខ្លីទេ ដូច្នេះចូរដើរនៅពេលដែលអ្នករាល់គ្នានៅមានពន្លឺចុះ ដើម្បីកុំឲ្យសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត គេមិនដឹងថា ខ្លួងឯងកំពុងទៅណាទេ។
36 ចូរជឿលើពន្លឺចុះ ទាន់អ្នករាល់គ្នានៅមានពន្លឺ ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាកូននៃពន្លឺ»។ កាលព្រះយេស៊ូមានបន្ទូលអំពីសេចក្ដីទាំងនេះហើយ ព្រះអង្គក៏យាងចេញទៅ ហើយលាក់ខ្លួនពីពួកគេ។