យ៉ូហាន 14:18-24 KCB

18 រីឯ​ខ្ញុំ​មិនទុ​ក​ឲ្យ​អ្នក​រាល់គ្នា​នៅ​កំព្រា​ទេ​ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់គ្នា​វិញ​

19 បន្តិច​ទៀត​នេះ​ មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្តែ​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់​ នោះ​អ្នក​រាល់គ្នា​ក៏​រស់​ដែរ​

20 រួច​នៅ​ថ្ងៃ​នោះ​អ្នក​រាល់គ្នា​នឹង​ដឹង​ថា​ ខ្ញុំ​នៅ​ក្នុង​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ អ្នក​រាល់គ្នា​នៅ​ក្នុង​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​រាល់គ្នា​ដែរ។​

21 ដូច្នេះ​អ្នកណា​មាន​បញ្ញត្ដិ​របស់​ខ្ញុំ​ ហើយ​កាន់​តាម​ អ្នក​នោះ​ហើយ​ជា​អ្នក​ស្រឡាញ់​ខ្ញុំ​ រួច​អ្នកណា​ដែល​ស្រឡាញ់​ខ្ញុំ​ ព្រះ​វរ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ​ ព្រមទាំង​បង្ហាញ​ខ្លួន​ខ្ញុំ​ឲ្យ​អ្នក​នោះ​ស្គាល់​ផង»។​

22 លោក​យូដាស​ (មិន​មែន​អ៊ីស្ការីយ៉ុត)​ បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ហេតុអ្វី​បាន​ជា​ព្រះអង្គ​នឹង​បង្ហាញ​ខ្លួន​ឲ្យ​យើង​ស្គាល់​ ប៉ុន្ដែ​មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ដូច្នេះ?»​

23 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «បើ​អ្នកណា​ស្រឡាញ់​ខ្ញុំ​ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ ហើយ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ រួច​យើង​នឹង​មក​ឯ​អ្នក​នោះ​ ហើយ​តាំង​ទី​លំនៅ​នៅ​ជាមួយ​អ្នក​នោះ។​

24 ឯ​អ្នកណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ​ អ្នក​នោះ​មិន​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ឡើយ​ ហើយ​ពាក្យ​ដែល​អ្នក​រាល់គ្នា​ឮ​ មិន​មែន​ជា​ពាក្យ​របស់​ខ្ញុំ​ទេ​ គឺ​ជា​ព្រះបន្ទូល​របស់​ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​