យ៉ូហាន 15:11-17 KCB

11 ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ​ហើយ​ ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​មាន​ដល់​អ្នក​រាល់គ្នា​ ហើយ​ឲ្យ​អំណរ​របស់​អ្នក​រាល់គ្នា​បាន​ពេញ​បរិបូរ។​

12 នេះ​ជា​បញ្ញត្តិ​របស់​ខ្ញុំ​ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ ដូច​ជា​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ​

13 ដ្បិត​មនុស្ស​ម្នាក់​លះបង់​ជីវិត​ដើម្បី​មិត្ដ​សម្លាញ់​របស់​ខ្លួន​ នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​ណា​ធំ​ជាង​សេចក្ដី​ស្រឡាញ់​នេះ​ទៀត​ឡើយ។​

14 ដូច្នេះ​ បើ​អ្នក​រាល់គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់គ្នា​ នោះ​អ្នក​រាល់គ្នា​ជា​មិត្ដ​សម្លាញ់​របស់​ខ្ញុំ។​

15 ខ្ញុំ​មិន​ហៅ​អ្នក​រាល់គ្នា​ថា​ បាវបម្រើ​ទៀតទេ​ ព្រោះ​បាវបម្រើ​មិន​ដឹង​ថា​ ចៅហ្វាយ​របស់​ខ្លួន​ធ្វើ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​ហៅ​អ្នក​រាល់គ្នា​ថា​ មិត្ដ​សម្លាញ់​ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់គ្នា​ដឹង​អំពី​អ្វីៗ​ដែល​ខ្ញុំបាន​ឮ​ពី​ព្រះវរបិតា​របស់​ខ្ញុំ​

16 ដ្បិត​មិនមែន​អ្នក​រាល់គ្នា​ជ្រើសរើស​ខ្ញុំ​ទេ​ គឺ​ខ្ញុំ​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ ព្រមទាំង​តាំង​អ្នក​រាល់គ្នា​ឲ្យចេញ​ទៅ​បង្កើត​ផល​ ហើយ​ឲ្យ​ផល​របស់​អ្នក​រាល់គ្នា​បាន​នៅ​ស្ថិតស្ថេរ​ ដូច្នេះ​ហើយ​ អ្វី​ក៏ដោយ​ដែល​អ្នក​រាល់គ្នា​សុំ​ព្រះវរបិតា​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មិនខាន។​

17 ដូច្នេះ​នេះ​ជា​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់គ្នា​ គឺ​ឲ្យ​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក។​