9 ព្រះវរបិតាបានស្រឡាញ់ខ្ញុំយ៉ាងណា ខ្ញុំក៏ស្រឡាញ់អ្នករាល់គ្នាយ៉ាងនោះដែរ ដូច្នេះចូរនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចុះ
10 បើអ្នករាល់គ្នាកាន់តាមបញ្ញត្តិរបស់ខ្ញុំ នោះអ្នករាល់គ្នានឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចដែលខ្ញុំបានកាន់តាមបញ្ញត្តិព្រះវរបិតារបស់ខ្ញុំ ហើយនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គដែរ។
11 ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះហើយ ដើម្បីឲ្យអំណររបស់ខ្ញុំមានដល់អ្នករាល់គ្នា ហើយឲ្យអំណររបស់អ្នករាល់គ្នាបានពេញបរិបូរ។
12 នេះជាបញ្ញត្តិរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចជាខ្ញុំស្រឡាញ់អ្នករាល់គ្នាដែរ
13 ដ្បិតមនុស្សម្នាក់លះបង់ជីវិតដើម្បីមិត្ដសម្លាញ់របស់ខ្លួន នោះគ្មានសេចក្ដីស្រឡាញ់ណាធំជាងសេចក្ដីស្រឡាញ់នេះទៀតឡើយ។
14 ដូច្នេះ បើអ្នករាល់គ្នាធ្វើតាមសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា នោះអ្នករាល់គ្នាជាមិត្ដសម្លាញ់របស់ខ្ញុំ។
15 ខ្ញុំមិនហៅអ្នករាល់គ្នាថា បាវបម្រើទៀតទេ ព្រោះបាវបម្រើមិនដឹងថា ចៅហ្វាយរបស់ខ្លួនធ្វើអ្វីឡើយ ផ្ទុយទៅវិញ ខ្ញុំហៅអ្នករាល់គ្នាថា មិត្ដសម្លាញ់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងអំពីអ្វីៗដែលខ្ញុំបានឮពីព្រះវរបិតារបស់ខ្ញុំ