16 នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្ដែបន្តិចក្រោយមក អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។
17 ដូច្នេះពួកសិស្សរបស់ព្រះអង្គខ្លះបាននិយាយគ្នាថា៖ «តើមានន័យយ៉ាងដូចម្ដេចដែលព្រះអង្គមានបន្ទូលមកយើងថា នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្ដែបន្តិចក្រោយមក អ្នករាល់គ្នានឹងឃើញខ្ញុំវិញ ហើយមានបន្ទូលទៀតថាព្រោះខ្ញុំទៅឯព្រះវរបិតា?»
18 ពេលនោះពួកគេនិយាយថា៖ «តើព្រះអង្គប្រាប់ថា បន្តិចទៀតនេះមានន័យយ៉ាងដូចម្តេច? យើងមិនយល់អ្វីដែលព្រះអង្គមានបន្ទូលនោះទេ»។
19 ប៉ុន្ដែពេលព្រះយេស៊ូជ្រាបថា ពួកគេចង់សួរព្រះអង្គ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាកំពុងសួរគ្នាអំពីពាក្យនេះឬ ដែលខ្ញុំប្រាប់ថា បន្តិចទៀតនេះ អ្នករាល់គ្នានឹងលែងឃើញខ្ញុំហើយ ប៉ុន្ដែបន្តិចក្រោយមកអ្នករាល់គ្នានឹងឃើញខ្ញុំវិញ?
20 ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នករាល់គ្នានឹងយំ ហើយកាន់ទុក្ខ ប៉ុន្ដែ លោកិយនេះនឹងអរសប្បាយ។ អ្នករាល់គ្នានឹងព្រួយចិត្ដ ប៉ុន្ដែសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នា នឹងត្រលប់ជាអំណរវិញ
21 ដ្បិតពេលស្រ្ដីសម្រាលកូន នាងព្រួយចិត្ដ ព្រោះពេលកំណត់របស់នាងមកដល់ ប៉ុន្ដែពេលសម្រាលកូនហើយ នាងក៏លែងនឹកចាំពីសេចក្ដីវេទនាទាំងនោះទៀតហើយ ព្រោះមានអំណរដែលមនុស្សម្នាក់បានកើតមកក្នុងពិភពលោកនេះ។
22 ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ដមែន ប៉ុន្ដែខ្ញុំនឹងជួបអ្នករាល់គ្នាម្តងទៀត ហើយចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយវិញ រួចគ្មានអ្នកណាដកយកអំណរនេះពីអ្នករាល់គ្នាបានឡើយ